កីតម្បាញរចនាបទបុរាណ និងក្រមាវែងជាងគេ លើពិភពលោក ត្រូវបានដាក់តម្កល់តាំងជាសាធរណៈ
ភ្នំពេញ៖នាព្រឹកថ្ងៃទី១៩សីហានេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីប្រកាស តំកល់តាំងជាសាធារណៈ នូវកីតម្បាញរចនាបទបុរាណ និងក្រមាវែងជាងគេលើពិភពលោក ក្នុងបរិវេណសារមន្ទីរជាតិ។
គួបញ្ជាក់ថា៖ប្រទេសកម្ពុជា បានបំបែកឯកទគ្គកម្មកំណត់ត្រា ពិភពលោក ក្រមាវែងជាងគេលើពិភពលោក ដោយទទួលបាន ជោគជ័យ កាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ដែលជាការរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយកេរតំណែល សម្បត្តិវប្បធម៌ខ្មែរលើឆាកជាតិ និងអន្តរជាតិ។គួររំលឹកថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរចនា GO GO Cambodia រួមជាមួយដៃគូសហការគាំទ្រចំនួន៧៧ស្ថាប័ន និង សាធារណៈជនជាច្រើន បានរួមគ្នាបំបែកឯកទគ្គកម្មក្រមាវែង ជាងគេលើពិភពលោក ប្រវែង១.១៤៩,៨ម៉ត្រែសំដៅផ្សព្វផ្សាយកេរតំណែល សម្បត្តិវប្បធម៌ខ្មែរលើឆាកអន្តរជាតិ ជាពិសេសបង្ហាញពីស្មារតីរួបរួមគ្នា យ៉ាងក្លៀវក្លាពីយុវជន សាធារណៈជន និងភ្ញៀវទេសចរជាច្រើន ម៉ឺននាក់ក្រោមស្មារតី(ជឿថាខ្មែរធ្វើបាន)។
មន្ត្រីជំនាញខាងរៀបចំកិច្ចការងារខាងលើរំលឹកថា៖ សរសៃអំបោះដំបូងនៃក្រមា ត្រូវបានទទួល ព្រះរាជទានប្រោះព្រំ ដោយព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងត្បាញដោយ ផ្ទាល់ព្រះហស្តនៃសម្តេចព្រះមហាក្សត្រិយ៍ នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងបន្តបន្ទាប់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឥស្សរជន ជាច្រើនរូបទៀត រួមជាមួយប្រជាជាតិខ្មែរ និងបរទេសចម្រុះ ជាតិសាសន៍ចូលរួមជិតកន្លះលាននាក់។
ចំណែកសរសៃរអំបោះ នៃក្រមានេះ បើសិនយកមកភ្ជាប់តគ្នា នោះនឹងមានប្រវែង ជិត៣០០០គីឡូម៉ែត្រ ហើយដែលអាចចង ព័ទ្ធមួយជុំនៃប្រទេសកម្ពុជា៕