ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅបឹងសាឡាងមានអ្នកស្លាប់ ដោយជម្ងឺកូវីដ-១៩ចំនួន៥នាក់និងមានវិជ្ជមាន ៣០០នាក់ សប្បុរសជនសហរដ្ឋអាមេរិក ផ្តល់អំណោយជូនជាច្រើនរយគ្រួសារ

50

ភ្នំពេញ៖ បឹងសាឡាងជាសង្កាត់មួយរបស់ខណ្ឌទួលគោក ហើយសង្កាត់នេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កំណត់ថាជាតំបន់ក្រហមដោយជម្ងឺកូវីដ១៩ គិតមកដល់ពេលនេះ ក្នុងសង្កាត់មួយនេះមានអ្នកស្លាប់ដោយជម្ងឺកូវីដ១៩ចំនួន៥នាក់ហើយ ហើយអ្នកមានវិជ្ជមានកូវិដ១៩ក៏បានកើនឡើងរហូតដល់ ៣០០នាក់ហើយដែរ ទន្ទឹមនិងនេះ ដើម្បីជួយសម្រួលដល់ការលំបាកពលរដ្ឋនៅតំបន់នេះ សប្បុរសជននៅសហរដ្ឋអាមេរិក បានផ្តល់អំណោយ ជូនជាច្រើនរយគ្រួសារ ដែលមានទាំងស្បៀងអាហារនិងថវិកាផងដែរ ដើម្បីចែកលំលែកជីវភាពរបស់ពួកគាត់ ខណៈតំបន់នេះត្រូវបានបិទខ្ទប់។

  ការផ្តល់អំណោយជូននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ មេសានេះ នៅលើផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ក្រោមវត្តមាន លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងលោក

យន្ត សួន តំណាងម្ចាស់អំណោយ នៅសហរដ្ឋអាមេរិក

   លោក យន្ត សួន តំណាងម្ចាស់អំណោយបានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្នុងតំបន់ក្រហមបឹងសាឡាងនេះ កើតចេញពីគំនិតផ្តួចផ្តើមកៀងគរថវិកា ពីឧបាសក ឆាយ អុីវ ស៊ាង និងឧបាសិកា ហុង គឹមសែ នៅសហរដ្ឋអាមេរិក ដោយបានបញ្ជូនថវិកានេះមកអោយលោកជាអ្នកចាត់ចែងជូនពលរដ្ឋចំនួន៣០០គ្រួសារ នៅភូមិ១៤ចំនួន ២០០គ្រួសារ និងភូមិ១៦ ចំនួន ១០០គ្រួសារ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយក្នុង១គ្រួសារទទួលបាន អង្ករ ១បាវស្មើ ២៥គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកា ១០ដុល្លារផង។

  លោកឯក ឃុនដឿន ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក យន្ត សួន តំណាងម្ចាស់អំណោយនៅសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថមជាស្បៀងអាហារនិងថវិកាទាំងនេះ ដើម្បីចែកលំលែកជីវភាពប្រជាពលរដ្ឋនៅតំបន់ក្រហមនៃសង្កាត់បឹងសាឡាងនេះ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩(Covid-19) នៅរាជធានីភ្នំពេញ

   លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងដែរថា សង្កាត់បឹងសាឡាង ត្រូវបានអាជ្ញាធររាជធានីភ្នំពេញកំណត់ថា ជាតំបន់ក្រហមដោយជម្ងឺកូវីដ១៩ ហើយគិតមកដល់ពេលនេះ ក្នុងសង្កាត់មួយនេះមានអ្នកស្លាប់ដោយជម្ងឺកូវីដ១៩ចំនួន៥នាក់

ហើយ ចំណែកអ្នកមានវិជ្ជមានកូវិដ១៩ វិញបានកើនឡើងរហូតដល់ ៣០០នាក់ហើយដែរ ។ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនគឺ ៣កុំនិង៣ការពារ។ ពិសេសកុំចាកចេញពីផ្ទះ យើងត្រូវតែយកឈ្នះកូវីដ១៩អោយបាន

   ក្រោយពីបញ្ចប់ពិធីចែកអំណោយនៅតំបន់ក្រហមបឹងសាឡាងនេះហើយ លោកឯក ឃុនដឿន ក៏បានបន្តដឹកនាំក្រុមការងារ ចុះមកចែកជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅតំបន់ក្រហមមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិទី២១និង២៣ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក៕

 

អត្ថបទដែលជាប់ទាក់ទង