គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ពង្រឹងប្រសិទ្ធភាពការងារ និងដាក់ទិសដៅ ដើម្បីឈានទៅកាត់ផ្តាច់ជម្ងឺកូវីដ-១៩ ដ៏ខ្លីខាងមុខនេះ
ភ្នំពេញ៖ ដើម្បីជំរុញឲ្យការងារនៃការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែល អាចឈានទៅកាត់ផ្ដាច់បាន នូវការរីករាលដាលនៃជម្ងឺកាចសាហាវនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យឡើងវិញនិងដាក់ទិសដៅបន្តទៀត ដើម្បីការទប់ស្កាត់ឱ្យបាននៃការរីករាលដាលជំងឺនេះ។
ការជំរុញបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅរសៀលថ្ងៃទី០៤ឧសភានេះ នៅសាលារាជធានីភ្នំពេញ ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀល
ថ្ងៃទី០៤ខែឧសភានេះ គឺក្នុងបំណង ដើម្បីត្រួតពិនិត្យការងារមួយចំនួន របស់អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះ ឱ្យគណៈបញ្ជាការឯករាជធានីភ្នំពេញ និងដាក់ទិសដៅបន្ត ក្នុងកិច្ចការពារជំងឺរាតត្បាតជម្ងឺកូវីដ-១៩ នេះ។
ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើង ពីការបែងចែកការងារ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ ដូចជាការផ្តល់អំណោយ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ video conference នេះដែរ អភិបាលខណ្ឌទាំង១៤ បានរាយការណ៍អំពីស្ថានភាពនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ជុំវិញការវិវត្តនានានៃជម្ងឺកូវីដ-១៩ ដើម្បីយកចំណុចទាំងនោះ មកពិភាក្សាគ្នា ស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណា ដែលអាចឈានទៅ ដល់ការផ្តាច់ជម្ងឺកូវីដ-១៩ បានជោគជ័យ នៅពេលដ៏ខ្លីខាងមុខនេះ៕