ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំស្តីពីការអនុញ្ញាត ឲ្យប្រើប្រាស់ផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ

149

 

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីណែនាំ ការអនុញ្ញាតឲប្រើប្រាស់ផ្លូវការនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime2020)។

ក្នុងគោលបំណងធានាបាននិរន្តរភាព និងសន្តិសុខទិន្នន័យបទល្មើសព្រហ្មទណ្ឌស្ថិតនៅក្នុងនិយាម បណ្ណសារដ្ឋានស្របតាមបច្ចេកវិទ្យាព័ត៌មានវិទ្យា អគ្គស្នងការដ្ឋាននគរបាលជាតិបានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime2020) ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២១ នេះតទៅ។

ដើម្បីទាញយកទិន្នន័យបទល្មើសព្រហ្មទណ្ឌចេញពី Database យកទៅប្រើប្រាស់ផ្លូវការក្នុងការវិភាគ វាយតម្លៃអំពីស្ថានភាពបទល្មើសតាមភូមិសាស្ត្រ តាមកាលកំណត់ ព្រមជាមួយនឹងការគ្រប់គ្រងសាវតារជាតិ ជនសង្ស័យ ជនរងគ្រោះ ប្រវត្តិនៃការអនុវត្តទោសរបស់ជនល្មើស ក៏ដូចជាការអនុវត្តដីកាបង្គាប់ប្រកបដោយ ប្រសិទ្ធភាព ជាពិសេសការទាញយកទិន្នន័យទាំងនោះបានគ្រប់កាលៈទេសៈ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដូចខាងក្រោម៖

១-ត្រូវបានកំណត់ជាគោលការណ៍សម្រាប់រយៈពេលនៃការបញ្ចូលទិន្នន័យបទល្មើសទៅក្នុងប្រព័ន្ធ អំឡុងពេល ៤៨ម៉ោង បន្ទាប់ពីបទល្មើសបានកើតឡើង និងកំណត់ឲ្យកត់ត្រាទិន្នន័យដីកាបង្គាប់ ចាប់ពីឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជាប្រចាំ។

២-ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធានានិរន្តរភាពធនធានមន្ត្រី និងការបំពាក់ ឧបករណ៍សម្ភារៈ បច្ចេកទេស រួមទាំងការផ្គត់ផ្គង់អ៊ីនធ័រណែតសម្រាប់ផែនសេនាធិការ ឬក្រុមមន្ត្រីមានសមត្ថកិច្ច បញ្ចូលទិន្នន័យបទល្មើស រក្សាទុកក្នុងទិន្នដ្ឋាន។ ៣-នាយកដ្ឋានសរុប-ផែនការ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ត្រូវពង្រឹងកិច្ចសហការក្នុងការ តាមដានត្រួតពិនិត្យទិន្នន័យបទល្មើសព្រហ្មទណ្ឌ ដែលមន្ត្រីជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត បានកត់ត្រាបញ្ចូលរក្សាទុកក្នុងទិន្នដ្ឋាន និងណែនាំឲ្យបញ្ចូលទិន្នន័យបានត្រឹមត្រូវតាមគោលការណ៏កំណត់។

៤-ផែនព្រហ្មទណ្ឌ និងផែនសេនាធិការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវសហការក្នុងការ ផ្ដល់ឯកសារ ព័ត៌មាន រូបថត ពាក់ព័ន្ធករណីបទល្មើសតាមទម្រង់ឯកភាពគ្នា ដើម្បីធ្វើជាមូលដ្ឋានក្នុងការ បញ្ចូលទិន្នន័យរក្សាទុក ក្នុងទិន្នដ្ឋានឲ្យបានទាន់ពេលវេលា។ ក្នុងករណីដែលស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពុំមានរូបថតជនសង្ស័យ ឬជនរងគ្រោះ សូមស្នើកិច្ចសហការពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីដោះ ស្រាយផ្តល់ជូន។

៥-បន្ទាប់ពីទិន្នន័យបទល្មើសដែលត្រូវបានកត់ត្រារក្សាទុកក្នុងទិន្នដ្ឋានរួចហើយ ក្នុងអំឡុងពេល ៤៨ម៉ោង មន្ត្រីជំនាញកត់ត្រាអាចកែតម្រូវទិន្នន័យបានគ្រប់ចំណុចនៅក្នុងប្រព័ន្ធ ប៉ុន្តែបន្ទាប់ពី៤៨ម៉ោង ប្រព័ន្ធពុំអនុញ្ញាត ឲ្យមន្ត្រីជំនាញកត់ត្រានៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត កែតម្រូវកំណត់ត្រាបទល្មើស បានឡើយ។ លើកលែងតែស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត បានធ្វើសំណើជាផ្លូវការមក ប្រធាននាយកដ្ឋាន សរុប-ផែនការ ពិនិត្យសម្រេច និងអនុញ្ញាតឲ្យក្រុមការងារបច្ចេកទេសកែតម្រូវជូន។

៦-ក្នុងករណីដំណើរការប្រតិបត្តិការប្រព័ន្ធមានភាពរអាក់រអួល សូមមន្ត្រីជំនាញកត់ត្រាទំនាក់ទំនង មកមន្ត្រីជំនាញ បច្ចេកទេសព័ត៌មានវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ រៀងរាល់ម៉ោងធ្វើការតាមរយៈលេខ ទូរស័ព្ទដែលបាន ផ្ដល់ជូនក្នុងប្រព័ន្ធ ឬ ក្នុងគ្រុប Telegram ។

៧-ដើម្បីពង្រឹងការសម្ងាត់ផ្ទៃក្នុង និងចៀសវាងទិន្នន័យបទល្មើសបែកធ្លាយចេញទៅក្រៅអង្គភាព ផែនសេនាធិការនៃ ស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពមន្ត្រីមានសមត្ថកិច្ចប្រើប្រាស់ប្រព័ន្ធ ក្នុងករណីមានការផ្លាស់ប្តូរ ផ្ទេរចេញ ឬមានបទបញ្ជាពីថ្នាក់ដឹកនាំអង្គភាព សូមជូនដំណឹងបន្ទាន់មកប្រធាន នាយកដ្ឋានសរុប-ផែនការ ដើម្បីពិនិត្យលុបគណនីនោះចេញពីប្រព័ន្ធ។ ៨-ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវប្រកាសផ្សព្វផ្សាយ អំពីការប្រើប្រាស់ផ្លូវការនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime2020)និងណែនាំលើកកម្ពស់ ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់ក្រុមការងារបញ្ចូលទិន្នន័យ ឲ្យខិតខំប្រមូលទិន្នន័យ បទល្មើសដែល បានកើតឡើងក្នុងដែនសមត្ថកិច្ចរាជធានី-ខេត្តនីមួយៗ យកមកបញ្ចូលរក្សាទុកក្នុងទិន្នដ្ឋានតាមគោលការណ៍កំណត់។ ទទួលបានសេចក្ដីណែនាំនេះ ស្នើប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការនៃស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង