ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យរោងចក្រ សហគ្រាសបើកដំណើរការអាជីវកម្មឡើងវិញ ប៉ុន្តែបងប្អូនកម្មករនិយោជិតតម្រូវឲ្យ ធ្វើការឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ម្តង

78

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យរោងចក្រ សហគ្រាសបើកដំណើរការអាជីវកម្មឡើងវិញ ប៉ុន្តែបងប្អូនកម្មករនិយោជិតតម្រូវឲ្យ ធ្វើការឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ម្តង ក្នុងនោះអ្នកមានអាទិភាពក្នុង២សប្តាហ៍ដំបូង គឺកម្មករនិយោជិតដែលបញ្ចប់ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី២។

នៅថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០រសៀល ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណ:កម្មការប្រឹក្សាការងារ​ បានអញ្ជេីញបេីកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ​ អាណត្តិទី១០ លើកទី១ តាមប្រព័ន្ធអនឡាញ (Zoom) ដែលមានសមាសភាពត្រីភាគីចូលរួម ២៨រូប ដើម្បីពិភាក្សាលើវិធានអនាម័យ និងសុវត្ថិភាពការងារ នៅពេលបើកដំណើរការសកម្មភាព អាជីវកម្មឡើងវិញរបស់រោងចក្រសហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល​ និងបានចេញសេចក្តីថ្លែងការណ៍របស់គណ:កម្មការប្រឹក្សាការងារ​សម្រាប់កិច្ចប្រជុំនេះផងដែរ។

បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ៖ អង្គប្រជុំទាំងមូលសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត តាមរយៈការបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនកម្មករនិយោជិត ជាពិសេសកម្មករនិយោជិតដែលរស់នៅក្នុងតំបន់ក្រហម ព្រមទាំងបានផ្តល់ជំនួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់បងប្អូនកម្មករនិយោជិតនៅតំបន់បិទខ្ទប់។

ក្រោយពីបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងដើម្បីធានាបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់ កម្មករនិយោជិត និរន្តរភាពនៃផលិតកម្ម និងភាពអាចព្យាករណ៍បាននៃការផ្គត់ផ្គង់ទំនិញ ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប អង្គប្រជុំបានឯកភាពគ្នាជាឯកច្ឆ័ន្ទ ដូចខាងក្រោម៖

ក. វិធានការរដ្ឋបាលនៅពេលមានករណីវិជ្ជមាននៅតាមរោងចក្រ សហគ្រាស

អង្គប្រជុំតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បី កំណត់នូវលក្ខណវិនិច្ឆ័យក្នុងការផ្អាកជាបណ្តោះអាសន្ន និងការបើកដំណើរការឡើងវិញនូវរោងចក្រ សហគ្រាស ដែលមានកម្មករនិយោជិតឆ្លងជំងឺកូវីដ-១៩។

ខ. កិច្ចព្រមព្រៀងអំពីការបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញរបស់រោងចក សហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល នៅពេលបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញ រោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖

១. បែងចែកកម្មករនិយោជិតចំនួន ៥០%នៃកម្មករនិយោជិតសរុប ឱ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ម្តង។ ការជ្រើសរើសកម្មករនិយោជិតដែលត្រូវចូលធ្វើការវេនទី១ (២សប្តាហ៍ដំបូង) គឺត្រូវផ្តល់អាទិភាពទៅលើកម្មករនិយោជិតដែល (១) បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២, (២) បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១, (៣) មិនស្ថិតនៅក្នុងតំបន់ដែលតម្រូវឱ្យផ្តល់សំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ឬ (៤) បានផ្តល់សំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ (មានចុងលិខិតបញ្ជាក់ដោយក្រុមគ្រូពេទ្យមានសមត្ថកិច្ច យកសំណាក ឬដោយពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២. ផ្តល់ប្រាក់ឈ្នួលចំនួន ៥០% នៃប្រាក់ឈ្នួលអប្បបរមា (ប្រាក់ឈ្នួលអប្បបរមា បូកនឹងប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ប្រចាំខែផ្សេងៗ ដែលកម្មករនិយោជិតធ្លាប់ទទួលបាននាពេលកន្លងមក) ដោយរក្សាទុកនូវអត្ថប្រយោជន៍ប្រចាំខែ និងអត្ថប្រយោជន៍ផ្សេងៗដូចជា ការថែមម៉ោងចំនួន ២ម៉ោងក្នុង១ថ្ងៃ និងការ ថែមម៉ោងនៅថ្ងៃអាទិត្យ ។ល។ របស់កម្មករនិយោជិត។

៣. ផ្តល់ម៉ាសយ៉ាងតិចចំនួន១ ដល់កម្មករនិយោជិតនៅក្នុងអំឡុងម៉ោងការងារ និងត្រូវណែនាំឱ្យកម្មករនិយោជិត ពាក់ម៉ាសជាប្រចាំនៅក្នុងកន្លែងការងារ និងពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ឬរួមគ្នា។

៤. រៀបចំឱ្យមានការបាញ់អាល់កុលលើដៃ និងដងខ្លួន ព្រមទាំងការវាស់កម្ដៅមុនពេលចូលធ្វើការ និងក្រោយ ពេលអាហារថ្ងៃត្រង់ បន្ថែមឧបករណ៍បាញ់អាល់កុលនៅក្នុងអាគារផលិតកម្ម និងសាប៊ូលាងដៃនៅក្នុង បន្ទប់ទឹក។ បាញ់អាល់កុលម្តងទៀតនៅពេលចេញពីធ្វើការ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ឬរួមគ្នា។

៥. បែងចែកវេនសម្រាប់ការបរិភោគអាហារថ្ងៃត្រង់របស់កម្មករនិយោជិតផ្សេងៗគ្នា និងរៀបចំឃាំងរនាំង (ប្រសិនបើអាច) ឬរក្សាបាននូវគម្លាតសុវត្ថិភាពនៅពេលអង្គុយបរិភោគអាហារថ្ងៃត្រង់ ព្រមទាំងលើកទឹកចិត្តឱ្យកម្មករ និយោជិតយកអាហារពីផ្ទះមករៀងៗខ្លួន ជៀសវាងការចេញទៅទិញអាហារនៅខាងក្រៅរោងចក្រ។

៦. រៀបចំឱ្យមានច្រកចេញចូលបន្ថែមឬបែងចែកពេលវេលា ឬមធ្យោបាយដែលអនុញ្ញាតឱ្យកម្មករនិយោជិត ដែលមកបំពេញការងារអាចចេញចូលរោងចក្រ និងទីតាំងផលិតកម្មបានដោយសុវត្ថិភាព និងមិនមានការប្រជ្រៀតគ្នា។

៧. គ្រប់គ្រងប្រព័ន្ធខ្យល់ចេញចូលក្នុងទីតាំងផលិតកម្មឱ្យបានល្អ និងរៀបចំឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគជា ប្រចាំសប្ដាហ៍។

៨. ជួយសម្របសម្រួលកម្មករនិយោជិត ក្នុងការចរចាជាមួយអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតឱ្យផ្ដល់ អាល់កុលលាងដៃមុនពេលឡើងយានយន្ត និងលាងសម្អាតយានយន្តនៅពេលដាក់កម្មករនិយោជិតចុះ។

៩. ផ្តល់បញ្ជីឈ្មោះកម្មករនិយោជិត (ដូចមានក្នុងបញ្ជីបើកប្រាក់ឈ្នួលប្រចាំខែមីនា) និងឈ្មោះពេទ្យ ឬគិលានុបដ្ឋាក ប្រចាំរោងចក្រ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមិនគិតថ្លៃសេវា (http://lacms.mlvt.gov.kh/registration/upload/excel) ដើម្បីងាយស្រួលដល់ការធ្វើអន្តរាគមន៍ណាមួយក្នុងករណីចាំបាច់។

១០.រៀបចំឱ្យមានបុគ្គលិកផ្នែករដ្ឋបាលយ៉ាងតិច ២នាក់ ដើម្បីផ្ដល់ព័ត៌មានប្រចាំសប្ដាហ៍អំពីការអនុវត្តវិធានការ របស់រោងចក្រ និងអំពីករណីសង្ស័យវិជ្ជមានវីដ-១៩ ឬរពីការដាក់ឱ្យកម្មករនិយោជិតណាម្នាក់ធ្វើឲត្តាឡឺសឹក នៅផ្ទះ។

១១. បម្រុងទុកនូវឧបករណ៍យកសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ចំនួន ១០% នៃកម្មកវនិយោជិតសរុបរបស់រោងចក្រ ដើម្បីពេទ្យការងារ និងពេទ្យប្រចាំរោងចក្រធ្វើការយក សំណាក ក្នុងករណីចាំបាច់ដូចមាននៅក្នុងចំណុចទី១២ និង១៣។

១២.ត្រូវយកសំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ រៀងរាល់សប្តាហ៍ចំពោះបុគ្គល ដូចខាងក្រោម៖

– កម្មករនិយោជិតដែលធ្វើការចល័តពីអគារមួយទៅអគារមួយ

– កម្មករនិយោជិតដែលប្រាស្រ័យទាក់ទងជាមួយបុគ្គលខាងក្រៅ ជាពិសេសបុគ្គលដែលមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស

– កម្មករនិយោជិតដែលធ្វើការនៅអាហារដ្ឋាន

– សន្តិសុខ ឬអ្នកអនាម័យដែលផ្តល់សេវាឆ្លងអគារ

– កម្មករនិយោជិតដែលទទួលបន្ទុកបាញ់សម្លាប់មេរោគ និងវាស់កម្ដៅ។

១៣.លើកទឹកចិត្តដល់រោងចក្រ សហគ្រាស ឱ្យយកសំណាកកម្មករនិយោជិតរបស់ខ្លួនដើម្បីវិភាគរកមេរោគ កូវីដ-១៩ រៀងរាល់ខែ ចំនួន ១០% (Random Test)។

១៤. ស្នើសុំរាជរដ្ឋាភិបាលជួយផ្ដល់ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនបងប្អូនកម្មករនិយោជិតនៅក្នុងអំឡុង ពេលផ្អាកសកម្មភាពអាជីវកម្ម ឬពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ឬពេលធ្វើចត្តាឡីស័កតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

លក្ខខណ្ឌនៃការបែងចែងវេនការងាររៀងរាល់ ២សប្តាហ៍ម្តង ត្រូវបានលើកលែងចំពោះរោងចក្រ ដែលមាន កម្មករនិយោជិតយ៉ាងតិច ៨០% នៃចំនួនកម្មករនិយោជិតសរុបបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ដូស ឬប្រភេទ រោងចក្រ ដែលមានវិធានការសុខភាព និងសុវត្ថិភាពការងារតឹងរឹងក្នុងការការពារកម្មករនិយោជិតពីការកើត ឬឆ្លងជំងឺ
កូវីដ-១៩ និងទទួលបានការអនុញ្ញាតពីអធិការការងារ។ កម្មករនិយោជិត ដែលស្នាក់នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ដោយវិធានការរដ្ឋបាលមិនត្រូវបានអនុញ្ញាត ឱ្យមកបំពេញការងារនៅក្នុងរោងចក្រ សហគ្រាសដូចបានកំណត់ខាងលើបានឡើយ។

អង្គប្រជុំស្នើសុំរាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់៖
កម្មករនិយោជិតជាពិសេសកម្មករនិយោជិតរោងចក្រ, អ្នកដឹកជញ្ជូនកម្មករនិយោជិត និងអ្នករត់កង់បី, អ្នកស្នាក់នៅតំបន់ផ្ទះជួល, អ្នកលក់ដូរជុំវិញរោងចក្រ, អាជីវករនៅតាមផ្សារនានា, បុគ្គលិកបម្រើការនៅតាមភោជនីយដ្ឋាន រមណីយដ្ឋាន និងសណ្ឋាគារ៕

អត្ថបទដែលជាប់ទាក់ទង