ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល ឃាត់ខ្លួនមនុស្ស៥នាក់ ករណីជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់

34

បាត់ដំបង៖ អនុវត្តតាមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងនគរបាល ក្នុងអង្គភាពនៃអធិការដ្ឋាននគរបាលស្រុក ធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០២ ករណី ក្នុងបទល្មើសជាក់ស្ដែង ឃាត់ខ្លួនជនសង្សយ័ចំនួន ០៥នាក់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

ការបង្ក្រាបលើកទី១ នៅវេលាម៉ោង១៣និង៣០នាទី ត្រង់ចំណុចភូមិកណ្ដាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុករតនមណ្ឌល សហការជាមួយផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តើកហែប នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ៖ ១.ឈ្មោះ ខុន ហ៊ាន ហៅ ង៉ា ភេទប្រុស អាយុ ២៥ឆ្នាំ (អ្នករក្សាទុក) ២.ឈ្មោះ អ៊ូច ឆែម ភេទប្រុស អាយុ ២៧ឆ្នាំ (អ្នករក្សាទុក) និង៣.ឈ្មោះ រិន បាន ភេទប្រុស អាយុ ៤១ឆ្នាំ (អ្នកជួញដូរ) អ្នកទាំង០៣នាក់ រស់នៅភូមិកណ្ដាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០២ថង់។

ការបង្ក្រាបលើកទី២ នៅវេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចភូមិកណ្ដាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុករតនមណ្ឌល សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលអណ្ដើកហែប នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះបង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ១.ឈ្មោះ អាន តីហ្វី ហៅ ឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ និង២.ឈ្មោះ ឯល សាហ្វី ភេទប្រុស អាយុ ២៩ឆ្នាំ អ្នទាំង០២នាក់ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៧ថង់ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាវេវ ពណ៌ក្រហមខ្មៅ ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ បាត់ដំបង 1C-5961 (ចាស់) ទូរស័ព្ទដៃម៉ាក Samsung ចំនួន ០២គ្រឿង ថង់សម្រាប់វេចខ្ចប់ចែករំលែក និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន កម្លាំងនគរបាលក្រុងបានបញ្ជូនជនសង្ស័យទាំង៥នាក់ ព្រមទាំងវត្ថុតាងមកកាន់ ការិយាល័យជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង