ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មជន​បរិស្ថាន​ចំនួន៣រូប​ ត្រូវតុលាការ​ ផ្ដន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​ ចន្លោះពី​ ១៨ខែ​ ទៅ២០ខែ​ ​ពី “បទញុះញង់​បង្កឱ្យ​មានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់សន្ដិសុខ​សង្គម”​

42

 

ភ្នំពេញ ៖ បើតាមការផ្សាយព័ត៌មានរបស់សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) បានឲ្យដឹងថា នាព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០២១នេះ​ យុវជន​ជាសកម្មជន​បរិស្ថាន​ចំនួន៣រូប​ ត្រូវបាន​សាលាដំបូង​រាជធានីភ្នំពេញ​ ផ្ដន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​ ចន្លោះពី​ ១៨ខែ​ ទៅ២០ខែ​ ដោយសារ​ការរៀបចំ​ឱ្យមាន​ការដើរ​ហែក្បួន​ដោយស្ដ្រីម្នាក់​ ក្នុងគោល​បំណង​បង្ហាញ​ពីការ​បន្តចាក់​លុបបឹងតាមោក​ ក្នុងរាជធានីភ្នំពេញ​ ។​

គិតត្រឹម​ពេលចាប់ខ្លួន​ សកម្មជន​ កញ្ញា ឡុង គន្ធា ​មានអាយុ ២២ឆ្នាំ ​និងកញ្ញា ​ភួន កែវរស្មី ​មានអាយុ ១៩ឆ្នាំ ​ហើយអ្នកទាំងពីរ​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ១៨ខែ ​ពី “បទញុះញង់​បង្កឱ្យ​មានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់សន្ដិសុខ​សង្គម”​ តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ៤៩៥​ នៃក្រមព្រហ្មទណ្ឌ ​និងពិន័យ​ជាប្រាក់​ម្នាក់ៗ​ចំនួន ៤លានរៀល ​(ប្រមាណ ១ពាន់ដុល្លារ) ។ ​សកម្មជនទី៣គឺ​ លោក ថុន រដ្ឋា​ អាយុ ២៩ឆ្នាំ ​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ ២០ខែ​ និងពិន័យ​ជាប្រាក់​ចំនួន ៤លាន​រៀល​ ក្រោមបទ​ចោទ​ដូចគ្នា ។ ​

សកម្មជន២នាក់​ផ្សេងទៀត​ ត្រូវបាន​កាត់ទោស​ដោយកំបាំងមុខ​ ក្រោម​បទចោទដូចគ្នា​ ដោយ​មានការ​ចេញដីកា​ចាប់ខ្លួន​ពួកគេ​ផងដែរ ។​ លោក​ Alejandro Gonzalez-Davidson ​សញ្ជាតិ​អេស្ប៉ាញ ​និងជាស្ថាបនិក​នៃចលនា​មាតាធម្មជាតិ​ ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ ២០ខែ ​ខណៈដែលកញ្ញា ​ជា គន្ធីន​ ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ ១៨ខែ ។​ អ្នកទាំងពីរ​ ត្រូវបាន​ពិន័យ​ជាប្រាក់​ម្នាក់ៗ​ចំនួន ៤លាន​រៀលដូចគ្នា ។​

កញ្ញា ​គន្ធា ​កញ្ញា ​កែវរស្មី ​និងលោក ​រដ្ឋា ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ចាប់តាំងពី​ពេលដែល​អាជ្ញាធរ​បានចាប់ខ្លួន​ពួកគេ​ កាលពី​ដើមខែ​កញ្ញា ​ឆ្នាំ២០២០​ បន្ទាប់ពី​ពួកគេ​គ្រោងរៀបចំ​ការដើរក្បួន​ ដោយ​កញ្ញា ​ឡុង គន្ធា ​ម្នាក់ឯង​ ពីវត្តភ្នំ​ ឆ្ពោះទៅ​កាន់​គេហដ្ឋាន​របស់ សម្ដេច​តេជោហ៊ុន សែន នាយករដ្ឋមន្រ្តី​ ដើម្បី​បង្ហាញ​ពី​កង្វល់​ ពាក់ព័ន្ធ​នឹងការ​អភិវឌ្ឍន៍ ​និងការ​ចាក់លុប​បឹងតាមោក​ក្នុង​រាជធានីភ្នំពេញ ។​

ការជំនុំជម្រះក្ដី​នៃសកម្មជន​ទាំងនេះ ​មានការ​សួរដេញដោល​ជាច្រើន​ ទាក់ទិន​នឹងគណនី​ហ្វេសប៊ុក​មាតាធម្មជាតិ​ ដែលជា​អ្នកផ្ដល់​ជំនួយ​ដល់អ្នកការពារ​បរិស្ថាន​ទាំងនេះ ​និងព័ត៌មាន​ទាំងឡាយ​ដែលបាន​បង្ហោះ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ដែលមិនមាន​បង្ហាញពី​ភស្តុតាង​បញ្ជាក់​ពីការញុះញង់​ទាល់តែសោះ ។​ ក្រុម​សង្គមស៊ីវិល​ បានអំពាវនាវ​ឱ្យដោះលែង​សកម្មជន​ទាំងនេះ​ឱ្យបាន​ឆាប់ ។​ កញ្ញា ​គន្ធា​ និង​ កញ្ញា ​កែវរស្មី​ ត្រូវបាន​កំណត់​ឱ្យដោះលែង​ពីពន្ធនាគារវិញ​នៅខែមីនា​ ឆ្នាំ២០២២​ ខណៈដែល​លោក រដ្ឋា​ នឹង​ត្រូវដោះលែង​វិញ​ក្នុងខែឧសភា ​ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង