សប្បុរសជន២ក្រុម ប្រគល់ស្បៀងអាហារ ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋ រងគ្រោះនិងរងផលប៉ះពាល់ ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩
ភ្នំពេញ ៖ សប្បុរសជនចំនួន២ក្រុម ដែលក្នុងនោះមានក្រុមការងារផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលនិងក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉លហ្សេឡង់ បានប្រគល់ស្បៀងអាហារជូន រដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាពជូន ប្រជាពលរដ្ឋដែលទទួលរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងរាតត្បាត ដោយបានធ្វើអោយ ប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់ បានឆ្លងនិងបានធ្វើឱ្យចំនួន អ្នកស្លាប់កើនឡើងរហូតដល់ជាង១០០នាក់។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនា ព្រឹកថ្ងៃទី០៦ឧសភានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
អំណោយរបស់ ក្រុមការងារផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលជូន រដ្ឋបាលរាជធានីភ្នំពេញ រួមមានមី ចំនួន ១,០០០កេស និងអង្ករ ចំនួន ៨តោន ស្មើនឹងទឹកប្រាក់ចំនួន ៧,៦៨០$ (ប្រាំពីរពាន់ប្រាំមួយ រយប៉ែតសិបដុល្លារ) ។
ចំណែកក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉លហ្សេឡង់ ជូនរដ្ឋបាលរាជធានីភ្នំពេញ រួមមាន មីចំនួន ២,៦៨០កេស និងអង្ករ ចំនួន ២៣តោន ស្មើនឹងទឹកប្រាក់ចំនួន ២១,៣០០$ (ម្ភៃមួយពាន់ បីរយដុល្លារ)។
លោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងក្រុមការងាររៀបចំ អង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉លហ្សេឡង់ ដែលបានឧបត្ថម្ភជូនមក
រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរពី មេរោគកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ ៕