ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ពោធជាផ្លូវការ នៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់

117

 

នៅទីស្នាក់ការក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី៧ ខែឧសភា ឆ្នាំ២០២១ មានរៀបចំពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។

ពិធីដ៏មានសារ សំខាន់នេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិត (តាមរយ: Zoom) និងមានការអញ្ជើញចូលរួម ផងដែរ ពីសំណាក់ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ពេជ្រ រិទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាដែលជាអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំមុខធំៗ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ។

ជាបឋម ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត បានថ្លែងនូវអំណរសាទរចំពោះសមិទ្ធផល ថ្មីមួយទៀតដែលប្រទេស ទាំងពីរសម្រេចបាន នេះសរបញ្ជាក់ឲ្យឃើញពីការវិវឌ្ឍន៍រីកចម្រើនលើ វិស័យកសិ-ពាណិជ្ជកម្ម ក្នុងបរិបទដែលកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងយ៉ាងពេញសមត្ថភាពជាមួយជំងឺឆ្លងកូវីដ-១៩។

ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលចិនក៏បានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ -១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកវិស័យ កសិកម្មវិញបានជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺឆ្លងគោ-ក្របីផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា កិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បាននិងកំពុងមានវឌ្ឍនភាព គួរឲ្យកត់សម្គាល់ ជាក់ស្តែងកសិផលកម្ពុជា ជាពិសេសផលិតផលផ្លែចេក អំបូងលឿងស្រស់កម្ពុជាត្រូវបាន នាំចេញទៅកាន់ទីផ្សារចិន ហើយបរិមាណនាំចេញហក់ឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តមសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ផលិតផលផ្លែស្វាយស្រស់កម្ពុជាក៏នឹងមានវាសនា ដូចផ្លែចេកអំបូងលឿងផងដែរ នាពេលអនាគតដ៏ខ្លី។ សមិទ្ធផលនេះ ប្រាកដជានឹងចូលរួមចំណែកផ្តល់ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅ កាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ បង្កើតការងារ បង្កើនប្រាក់ចំណូល និងរក្សាសុខភាពសេដ្ឋកិច្ចគ្រួសារកសិករ និងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅប្រទេស។

ទីបញ្ចប់ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវការគាំទ្រ ជូនពរ លើកទឹកចិត្ត និងផ្តល់កំលាំងចិត្ត ជូនចំពោះគ្រប់ភាគី ពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមធ្វើឲ្យ សម្រេចនូវសមិទ្ធផលថ្មីមួយនេះ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ឲ្យឈ្នះលើការវាយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នេះ ហើយសូមឲ្យចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាលនៃ សាធារណរដ្ឋ ប្រជាមានិតចិន ដែលបានពិនិត្យ និងវាយតម្លៃលើគុណ ភាព និងលក្ខខណ្ឌតម្រូវភូតគាម អនាម័យលើផលិតផលផ្លែ ស្វាយកែវរមៀតកម្ពុជា ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលនេះ នាំចេញទៅកាន់ទីផ្សារចិន ជាផ្លូវការដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាពលរដ្ឋកម្ពុជាទទួចចង់បាន ហើយជាប្រត្យក្ស គឺព្រឹត្តិការណ៍ដែលយើងកំពុងតែប្រារព្វនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាននាថ្ងៃនេះ គឺប្រាកដណាស់មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការគ្រប់បែបយ៉ាងពីគ្រប់ភាពគីពាក់ព័ន្ធ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលគាំទ្រ ជំរុញ លើកទឹកចិត្ត និងផ្តល់ការណែនាំ ដ៏ខ្ពង់ខ្ពស់ ធ្វើឲ្យក្រសួងឈានទៅចុះពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការ នាំចេញផ្លែស្វាយស្រស់ ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ រវាងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ជាមួយឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជា មានិតចិន។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាព្រឹត្តិការណ៍នាពេលនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃផលិតផល ផ្លែស្វាយស្រស់ របស់កម្ពុជា នឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ ជាច្រើនអនេកដែល កសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។

លើសពីនេះ វិស័យផលិតកម្មស្វាយស្រស់នឹងត្រូវបានលើក កម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ តម្លៃបន្ថែម និងប្រាក់ចំណូល។ល។ ឆ្លៀតយកឱកាសដ៏ពិសេសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យវិស័យឯកជនចូលរួម និងសហការឲ្យបានពេញលេញ គ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មហើយសង្ឃឹមថា កសិផលកម្ពុជាផ្សេងៗទៀត នឹងមានឱកាស បង្ហាញ ខ្លួននៅ លើទីផ្សារអន្តរជាតិ កាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។

ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំបន្ថែមចំពោះក្រុមហ៊ុនម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម អនុវត្តវិធានបច្ចេកទេស លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន ធ្វើយ៉ាងណាឲ្យការនាំចេញ ផលិតផលផ្លែស្វាយ ស្រស់ ប្រកបដោយនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង