គណបក្ស ខ្មែររួបរួមជាតិ នឹងធ្វើសមាជ ដើម្បីប្រគល់តួនាទីជាប្រធានដល់លោក ញឹក ប៊ុនឆៃ វិញ
ភ្នំពេញ៖ ក្រោយចេញពីពន្ធនាគារភ្លាមៗនាព្រឹកថ្ងៃទី១ខែឧសភានេះ លោក ញឹក ប៊ុនឆៃ បានមកជួបជុំជាមួយសហការី សាច់ញាតិ ត្រូវបានគាំទ្រ ឱ្យធ្វើជាប្រធានគណបក្សខ្មែររួបរួមជាតិ ឡើងវិញ ។
លោក សិង្ហ គីរី ប្រធានគណបក្សខ្មែររួមរួបជាតិបច្ចុប្បន្ន បានថ្លែងថា គណបក្សខ្មែររួមរួបជាតិ នឹងរៀបចំសមាជមួយនៅពេលឆាប់ៗខាងមុខ ដើម្បីប្រគល់តំណែងប្រធានបក្ស ជូនលោក ញឹក ប៊ុនឆៃ វិញហើយ នឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ គណបក្សខ្មែររួបរួមជាតិ នឹងចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជូន គ.ជ.ប នៅអំឡុងថ្ងៃទី៤ ឬទី៥ ខែឧសភា ឆ្នាំ២០១៨ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោក លី លឹមម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានចេញដីកាដោះលែងលោក ញឹក ប៊ុនឆៃ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នបន្ទាប់ពីជាប់ពន្ធនាគារអស់រយ:ពេលជិត១ឆ្នាំ៕