ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ប្រគល់ថ្នាំវីតាមីនCជាង២០០០ទីប និងផ្តល់ស្បៀងអាហារ មួយចំនួន ជូនមន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ច ដើម្បីជួយពលរដ្ឋមានជម្ងឺកូវីដ-១៩

70

 

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានប្រគល់ ថ្នាំវីតាមីនសេ (C) ជាង២០០០ទីប ជូនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច អតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីយកទៅជួយលើការងារ ព្យាបាលជំងឺកូវីដ-១៩ ខណៈដែរ មានប្រជាពលរដ្ឋជាង១ម៉ឺននាក់ហើយ បានឆ្លងរាលដាលនូវជំងឺកូវីដ-១៩នេះ ។
ពិធីប្រគល់និងទទួលថ្នាំពេទ្យនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោកស្រីមុំ ចាន់ដានីប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។
លោកឃួង ស្រេងនៅក្នុងឱកាសនោះ បានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
យកចិត្តទុកដាក់មើល ថែទាំអ្នកជំងឺ និងឱ្យថ្នាំព្យាបាលទៅ តាមវេជ្ជបញ្ជារបស់សុខាភិបាលឲ្យបានត្រឹមត្រូវ។បន្ថែមពីលើនេះទៀតលោកឃួង ស្រេង ក៏បានធ្វើការណែនាំអោយ ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំ បងប្អូនជនពិការភាព ដែលរស់នៅក្រោមការគ្រប់គ្រង របស់មន្ទីរសង្គមកិច្ចឱ្យបានល្អ ជាមួយនិងការផ្តល់ស្បៀងអាហារជូនពួកគាត់ផងដែរ។
លោក ងី មានហេង បានបញ្ជាក់ផងដែរថា ៖ថ្នាំប្រភេទវីតាមីនC ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនមន្ទីរសុខាភិបាលនៅពេលនេះ ពិតជាថ្នាំដែលមានសារសំខាន់ ដោយជួយធ្វើឱ្យអ្នកជម្ងឺកូវីដ-១៩ មានកម្លាំងកំហែងនិងបានឆាប់ជាសះស្បើយ ជាមួយនឹងការបំប៉ននូវចំណីអាហារ ដែលមានដូចជាស្វាយខ្ចីនិងក្រូចឆ្មារ ជាដើម ដែលជួយឲ្យអ្នកជំងឺអាចបាន ឆាប់ជាសះស្បើយពីជម្ងឺកូវីដ-១៩បានរហ័ស។
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្រគល់ជូន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមមាន ថ្នាំវិតាមីន C ចំនួន ១.៩០០ទីប ។ ប្រគល់ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ថ្នាំវិតាមីន C ចំនួន ៥០០ទីប មី ចំនួន ១០កេសធំ និងផ្ដល់ជូនជនពិការភាព ចំនួន ១៣៥នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម មី មួយកេសតូច និងត្រីខ១០កំប៉ុង៕

អត្ថបទដែលជាប់ទាក់ទង