រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី កំពុងធ្វើការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ លើករណីកញ្ញា មាន ពេជ្ររីតា ប្ដឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ , នាងត្រូវឃុំខ្លួនហើយ
ភ្នំពេញ ៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានថ្លែថា ក្រសួងកិច្ចការនារី កំពុងធ្វើការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងយកចិត្តទុកដាក់ករណីកញ្ញា មាន ពេជ្ររីតា ពិធីការិនីស្ថានីយទូរទស្សន៍ MYTV ប្ដឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។
លោកហេង ឡុង បានថ្លែងថា តុលាការបានបញ្ជូនកញ្ញាម៉ូដែលឈ្មោះ មាន ពេជ្ររីតា ទៅពន្ធនាគារ!
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៖ ៣២៣៩ “ប” ដឃដ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយចៅក្រមស៊ើបសួរ លោក កូយ សៅ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនកញ្ញាម៉ូដែលឈ្មោះ មាន ពេជ្ររីតា ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន (ម២)។ ខ្ញុំបាទក្នុងនាមសមាគមសិល្បករខ្មែរ កំពុងតែធ្វើការជាមួយនឹងមេធាវីស្ម័គ្រចិត្តការពារក្ដីជូនកញ្ញា មាន ពេជ្ររីតា។ ខ្ញុំបាទនឹងជូនព័ត៌មានថ្មីដល់បងប្អូនដែលស្រឡាញ់គាំទ្រភាពយុត្តិធម៌។
រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានថ្លែង នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះថា៖«ករណីកញ្ញា មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយមានស្ថានទំងន់ គឺជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសាលាដំបូង រួចរាល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដើម្បីតទល់នឹងពាក្យបណ្តឹងរបស់ ឧកញ៉ា ហេង សៀ ប្តឹងនាងពីបទលួចទូរស័ព្ទដៃ។
រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០៖៥២នាទីយប់ ក្រុមការងារ Facebook នៃក្រសួងកិច្ចការនារី បានទទួលសេចក្តីរាយការណ៍នេះ ហើយក្រសួងកិច្ចការនារី បានចាត់វិធានការចាប់តាំងពីព្រឹកមិញម៉ោង៧៖៣០នាទីព្រឹក ដោយសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការស៊ើបអង្កេតបឋម និងស្រាវជ្រាវលើករណីនេះឱ្យបានគ្រប់ជ្រុងជ្រោយ។
ទន្ទឹមនេះ ក្រសួង បានស្នើសុំព្រឹកមិញផងដែរ កិច្ចសហការជាមួយមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីស្រាវជ្រាវ និងពិនិត្យលទ្ធភាព ក្នុងការធ្វើជាតំណាងផ្លូវច្បាប់ ឱ្យនារីរងគ្រោះ។ ក្រុមការងារក្រសួងកិច្ចការនារី បានទំនាក់ទំនងទៅក្រុមគ្រួសារនារីរងគ្រោះ ដើម្បីសុំជួបនារីរងគ្រោះដើម្បីផ្តល់ជំនួយប្រឹក្សាយោបល់ផ្លូវច្បាប់ និងផ្លូវចិត្ត សំដៅធ្វើឱ្យផ្លូវចិត្តនារីរងគ្រោះមានស្ថានភាពនឹងនរឡើងវិញ។
នៅពេលទទួលបានរបាយការណ៍ស៊ីជម្រៅ ក្រសួងកិច្ចការនារី នឹងសម្រេចលើវិធានការបន្ទាប់ទៀត ដោយគោរពតាមនីតិវិធីតុលាការ និងគោលការណ៍នីតិរដ្ឋ សំដៅយកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ និងផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ»។
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀតនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។
នេះបើយោងតាម លោក គី តិច បានថ្លែងប្រាប់ឲ្យដឹងថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោចំនួន២រូបជាស្រ្តី ត្រូវបានឲ្យចូលការពារក្តីលើសំណុំរឿងខាងលើនេះហើយ៕