ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជិត៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១២ឧសភា នេះ បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន២០០០០គ្រួសារបន្ថែមទៀត ហើយបើគិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជិត៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ប្រជាពលរដ្ឋទាំង២០០០០គ្រួសារដែលទទួល
អំណោយនៅថ្ងៃទី១២ ឧសភានេះ រួមមាន៖ នៅខណ្ឌមានជ័យចំនូន៤០០០គ្រួសារ ខណ្ឌពោធិសែនជ័យចំនួន៨០០០គ្រួសារ ខណ្ឌដង្កោចំនួន៥០០គ្រួសារ
ខណ្ឌឬស្សីកែវចំនួន៤៤០០គ្រួសារ ខណ្ឌជ្រោយចង្វចំនួន៥០០គ្រួសារ ខណ្ឌ៧មករាចំនួន៣០០គ្រួសារ ខណ្ឌទួលគោកចំនួន១០០០គ្រួសារ ខណ្ឌច្បារអំពៅ៥០០គ្រួសារនិងខណ្ឌកំបូលចំនួន៨០០គ្រួសារ ។
មន្ត្រីដដែលបន្តថា ៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១២ខែ ឧសភានេះ បានចំនួន៣៩៤៦៥២គ្រួសារហើយ។
គួរបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕