ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ៖CLMV ប្តេជ្ញាចិត្តដ៏រឹងមាំ ដើម្បីធានានូវអនាគត សន្តិភាព ស្ថិរភាព និងភាពរុងរឿង សម្រាប់ប្រជាជនរបស់យើងនៅក្នុងតំបន់នេះ

169

បន្ទាប់ពីពិធីបើក និងការពិភាក្សានៃកិច្ចប្រជុំកំពូលកម្ពុជា-លាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ រួចហើយ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបិទកិច្ចប្រជុំ CLMV។ ពិធីបិទកិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសទាំង៤ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

នៅក្នុងពីធីបិទនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះ ដែលមានខ្លឹមសារថា សម្តេចសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំនៃបណ្តាប្រទេស CLMV ដែលបានចែករំលែកទស្សនៈ និងអនុសាសន៍ស្ថាបនាក្នុងរយៈពេល១ម៉ោងមកនេះ។ មតិយោបល់ដ៏ល្អទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ដោះស្រាយបញ្ហាប្រឈម និងបង្ហាញនូវទិសដៅច្បាស់លាស់ជាក់ស្តែង ឆ្ពោះទៅរកការសម្រេចបាននូវកិច្ចសហប្រតិបត្តិការ CLMV ជាពិសេសបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ដើម្បីធានានូវអនាគតរបស់យើងជាមួយសន្តិភាព ស្ថិរភាព និងភាពរុងរឿងសម្រាប់ប្រជាជនរបស់យើងនៅក្នុងតំបន់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមាប្រសាសន៍បន្តថា ទោះបីជាការអភិវឌ្ឍលើផ្នែកខ្លះមានភាពយឺតយ៉ាវបន្តិចក៏ដោយ ក៏យើងបានមើលឃើញថាកិច្ចសហប្រតិបត្តិការរបស់យើងលើវិស័យមួយចំនួនដូចជាវិស័យទេសចរណ៍ , ពាណិជ្ជកម្ម, វិនិយោគហេដ្ឋារចនាសម្ព័ន្ធ , ការអភិវឌ្ឍធនធានមនុស្ស និងឧស្សាហកម្ម គឺបានរីកចម្រើនជាបន្តបន្ទាប់។

តាមយៈកិច្ចប្រជុំនេះ ក៏បានឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ជាវិជ្ជមាន នៃវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការ CLMV និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងលើដំណើរអភិវឌ្ឍឆ្ពោះទៅរកភាពរុងរឿង តាមរយៈការអនុវត្តរួមគ្នានៃសេចក្តីថ្លែងការណ៍រួមនៅពេលនេះ ដែលមានខ្លឹមសារផ្តោតទៅលើ កិច្ចសហប្រតិបត្តិការរួម ដូចជា ការដឹកជញ្ជូន , ការសម្រួលពាណិជ្ជកម្ម , ការវិនិយោគឧស្សាហកម្ម , ទេសចរណ៍ , ការអភិវឌ្ឍធនធានមនុស្ស , កសិកម្ម , ថាមពល , ព័ត៌មាន , បច្ចេកវិទ្យាគមនាគមន៍ , ដែលជាផែនទីចង្អុលសំរាប់មន្ត្រីយើងអនុវត្តន៍ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២០។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំបណ្ដាប្រទេសសមាជិក CLMV អគ្គលេខាធិការអាស៊ាន និងរដ្ឋជាសមាជិកអាស៊ានទាំង៦ ព្រមទាំងដៃគូទាំងអស់ដែលបានគាំទ្រអាណ្តិតដែលកម្ពុជាទទួលរៀបចំ នៃកិច្ចប្រជុំឆ្នាំ២០១៨នេះ។ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស CLMV ទៅកាន់កម្រិតខ្ពស់ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពរបស់យើង។

មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ទេរតំណែងប្រធានកិច្ចប្រជុំ CLMV ទៅអោយ ឯកឧត្តម ថង លូនស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ ហើយសម្តេចតេជោ ក៏សូមអរគុណចំពោះការទទួលយរបស់ប្រទេសឡាវ ដែលត្រូវធ្វើជាប្រធានបៀបចំកិច្ចប្រជុំ CLMV នៅឆ្នាំ២០២០ បន្ទាប់ពីកម្ពុជា និងបានជូនពរអោយប្រទេសឡាវ សម្រេច
បានជោគជ័យ នៃកិច្ចប្រជុំ CLMV លើកទី១០ នាពេលខាងមុខផងដែរ។

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំ CLMV លើកទី ៩ ក្រោមប្រធានបទ: ដើម្បីសមាហរណកម្មសេដ្ឋកិច្ច និង ការតភ្ជាប់កាន់តែខ្លាំងក្លា។ ពិធីនេះ មានការចូលរួមពី ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតឡាវ, ឯកឧត្តម វីន ម្ញីនត៏ ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា , ឯកឧត្តម ង្វៀន សួនហ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម លឹម ចុក ហូយ អគ្គលេខាធិការអាស៊ាន និង ផ្នែកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

នាឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានកិច្ចប្រជុំ សម្តេចបានអញ្ជើញឡើងថ្លែងសុន្ទកថា ដែលមានខ្លឹមសារថា សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ថ្នាក់ដឹកនាំនៃប្រទេសសមាជិក CLMV និងឯកឧត្តមអគ្គលេខាធិការអាស៊ាន ដែលបានឆ្លើយតបចំពោះការអញ្ជើញរបស់សម្តេច មកចូលរួមកិច្ចប្រជុំកំពូល CLMV លើកទី ៩ នៅទីក្រុងបាងកក ប្រទេសថៃនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូឆា និងរាជរដ្ឋាភិបាលថៃដែលបានផ្ដល់ទីកន្លែងសម្រាប់រៀបចំនូវកិច្ចប្រជុំ CLMV លើកទី ៩ នេះ ព្រមទាំងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូផងដែរ។

កិច្ចប្រជុំកំពូលលើកទី ៩ នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យប្រទេសយើងទាំង ៤ ក្នុងការបញ្ជាក់សារជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការពង្រឹងភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី ដែលផ្តល់ផលប្រយោជន៏ឲ្យគ្នាទៅវិញទៅមក ក៏ដូចជាដើម្បីពិនិត្យឡើងវិញនូវការ ប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រីក និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគព្រមទាំងការធ្វើកិច្ចសហប្រតិបត្តិការស៊ីជម្រៅ តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និងរឹង, និងការអភិវឌ្ឍធនធានមនុស្សក្នុងបំណងលើកកម្ពស់សុខមាលភាព និងគុណភាពរស់នៅរបស់ប្រជាជននៃប្រទេស CLMV ឲ្យមានភាពកាន់តែប្រសើរឡើង។

រយៈពេលកន្លងមកនេះ មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេស CLMV មានការរីកចម្រើនយ៉ាងខ្លាំងដែលក្នុងនោះ ការកសាងសេដ្ឋកិច្ច ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន បានរួមវិភាគទានយ៉ាងធំធេងក្នុងការអភិវឌ្ឍសហគមន៍អាស៊ាន ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ និងការលើកស្ទួយសុខមានភាព និងគុណភាពជីវិតរបស់ប្រជាជនយើង ។ ទាំងនេះ បង្ហាញឲ្យឃើញច្បាស់នូវ ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្តសម្រេចនូវគោលដៅនៃកិច្ចសហប្រតិបត្តិការ CLMV ដែលរួមមាន:

(១)-រួមចំណែកគាំទ្រដល់ការអភិវឌ្ឍសហគមន៍អាស៊ាន តាមរយៈការកសាងសមត្ថភាពសមាហរណកម្មក្នុងតំបន់របស់ CLMV និងការលុបបំបាត់គម្លាតអភិវឌ្ឍនៅក្នុងសហគមន៍អាស៊ាន

(២)-ប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចនៃប្រទេសសមាជិកឲ្យបានពេញលេញ និងបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងបណ្តាប្រទេស CLMV និងតំបន់ទៀត

(៣)-សម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មនៅក្នុងតំបន់ ។ ក្នុងគោលដៅនេះ, យើងចាំបាច់ត្រូវតែបន្តផ្តោតអាទិភាពលើការពង្រឹងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ នៅក្នុងប្រទេសនីមួយៗ ព្រមទាំងត្រូវបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការយើងបន្ថែមទៀត ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពទាំង ៩ ដែលយើងបានឯកភាពគ្នានាពេលកន្លងមក។

កិច្ចប្រជុំកំពូលលើកទី ៩ របស់យើងនៅថ្ងៃនេះ, ជាមួយនឹងមូលបទ «ដើម្បីសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់កាន់តែខ្លាំងក្លា»នឹងឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថែមទៀត នូវអនាគតដ៏ភ្លឺស្វាងរបស់ CLMV និងការជឿជាក់ថា CLMV កំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង ហើយនឹងអាចក្លាយទៅជាអនុតំបន់មួយប្រកបដោយសុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង