មន្ត្រី «ក.ប.ប.» ចុះស្រាវជ្រាវករណីពុលស្រា ស្លាប់៩នាក់ នៅស្រុកល្វាឯម រកឃើញ ស្រាសត្រាំថ្នាំ និងស្រាស មានសារធាតុមេតាណុល
ខេត្តកណ្តាល ៖ ក្រោយពីទទួលបាននូវព័ត៌មានស្តីពីមានហេតុការណ៍ពុល ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់ បាត់បង់ជីវិតជាបន្តបន្ទាប់ រហូតដល់៩នាក់ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯក ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាក ដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។
ក្នុងឱកាសនោះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស និងស្រាថ្នាំ ដែលសង្ស័យថាជាដើមហេតុនៃការស្លាប់របស់ជនរងគ្រោះ។ ការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើង ដោយមានការចូលរួមសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។
ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តដោយឧបករណ៍រថយន្តពិសោធន៍ចល័ត និងទទួលបានលទ្ធផលបឋម ដូចខាងក្រោម៖ – ស្រាសត្រាំថ្នាំ មានសារធាតុមេតាណុល ២.៥% – ស្រាស មានសារធាតុមេតាណុល ២.៥% – ស្រាសទើបតែបិតហើយ មិនមានសារធាតុមេតាណុលទេ។
បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានធ្វើកំណត់ហេតុឃាត់ទុកបណ្តោះអាសន្ន និងដកយកគំរូមួយចំនួន យកមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានក.ប.ប. ដើម្បីបញ្ជាក់លទ្ធផល កាន់តែច្បាស់។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានសម្រេចឱ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ករណីសង្ស័យពុលស្រា បណ្តាលឱ្យពលរដ្ឋស្លាប់ ៩ នាក់ និងសង្គ្រោះបន្ទាន់ ១ នាក់នេះ បានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដោយពួកគាត់បានទៅចូលរួមកំដរ បុណ្យសពឈ្មោះ ម៉ន ងន អាយុ ៥១ ឆ្នាំ។
ក្រោយពីការចុះត្រួតពិនិត្យលោក ឈឿន សុចិត្រ បានប្រាប់ឱ្យកម្លាំងសមត្ថកិច្ចស្រុកចុះទៅកាន់ទីតាំងលក់ស្រា និងយកស្រាទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីឱ្យដឹងពីមូលហេតុឱ្យបានច្បាស់លាស់ ដើម្បីមានវិធានការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
បើតាមរបាយការណ៍ដដែល អ្នកដែលស្លាប់មានឈ្មោះ ម៉េន ម៉ន ភេទប្រុស អាយុ ៥១ ឆ្នាំ, ឈ្មោះ ម៉ាង បឹង ភេទប្រុសអាយុ ៥៦ ឆ្នាំ, ឈ្មោះ ម៉ន វាសនា ភេទប្រុស អាយុ ៥៣ ឆ្នាំ, ឈ្មោះ ហេង គ័ង ភេទប្រុស អាយុ ២៩ ឆ្នាំ, ឈ្មោះ សុខ ស៊ូ ភេទប្រុស អាយុ ៥៣ ឆ្នាំ, ឈ្មោះ សុខ ស៊ឹម ភេទប្រុសអាយុ ៥៧ ឆ្នាំ, ឈ្មោះ សុខ ចំរើន ភេទប្រុសអាយុ ៤៧ ឆ្នាំ, ឈ្មោះ ហុង ផាន់ណា ភេទប្រុស អាយុ ៣៥ ឆ្នាំ។ ឈ្មោះ មាំង សារុន ភេទប្រុស អាយុ ៤២ ឆ្នាំ កំពុងសង្គ្រោះនៅមន្ទីរពេទ្យព្រែកព្នៅ។
ទាំងអ្នកស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលម្នាក់ បានទៅចូលរួមបុណ្យសពគេនៅក្នុងភូមិ ក៏បានពិសាស្រាជុំគ្នាហើយក៏មានករណីស្លាប់ជាបន្តបន្ទាប់។ បន្ទាប់ពីដឹងរឿងនេះ អាជ្ញាធរក៏បានចុះទៅគ្រប់គ្រង បិទកន្លែងលក់ និងកន្លែងផលិតស្រាជាបណ្តោះអាសន្ន។
អាជ្ញាធរនឹងប្រកាសបិទកន្លែងផលិតស្រាទាំងអស់នៅទូទាំងស្រុក បើពិនិត្យឃើញថា មិនមានច្បាប់អាជីវកម្ម។ លុះត្រាតែមានច្បាប់អាជីវកម្ម ទើបអនុញ្ញាតឱ្យធ្វើអាជីវកម្ម ប៉ុន្តែបច្ចុប្បន្នសមត្ថកិច្ចបានបិទកន្លែងលក់ និងផលិតស្រាបណ្តោះអាសន្នសិន។
នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំសមត្ថកិច្ចក្រោមឱវាទ ចុះទៅទីតាំងកន្លែងកើតហេតុ ដែលមានប្រជាពលរដ្ឋ ពុលស្រាបណ្តាលឲ្យស្លាប់ជាបន្តបន្ទាប់ និងប្រមូលវត្ថុតាងផ្សេងៗយកទៅកាន់មន្ទីរពិសោធន៍អស់ហើយ។ លោកស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឲ្យសមត្ថកិច្ច ចុះទៅកាន់ទីតាំងកន្លែងលក់ស្រា នឹងយកស្រា ទៅពិនិត្យនៅមន្ទីរពិសោធន៍ រកឱ្យឃើញពីមូលហេតុ នៃការស្លាប់នេះដោយសារពុលស្រា។
លោក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានប្រាប់កាសែតក្នុងស្រុកថា សមត្ថកិច្ចបានដាក់ការសង្ស័យបឋមថា ការស្លាប់ពលរដ្ឋ អាចបណ្តាលមកពីការពុលស្រា ព្រោះជនទាំងនេះគឺជាអ្នកញៀនស្រា។ ករណីពលរដ្ឋស្លាប់នេះ មកពីការពុលស្រា ឬយ៉ាងណានោះទេ ព្រោះលោកមិនទាន់ទទួលបានលទ្ធផល នៃការពិនិត្យពីមន្ទីរពិសោធន៍នៅឡើយទេ។ ឥឡូវនេះ យើងកំណត់ថា អ្នកដែលស្លាប់ទាំងអស់ហ្នឹងសុទ្ធតែ អ្នកញៀនស្រា។ ប៉ុន្តែមិនទាន់កំណត់ថា គាត់បានពុលស្រានៅឡើយទេ។ រង់ចាំមើលលទ្ធផលសិន។ បើសិនជាមន្ទីរពិសោធន៍ពិនិត្យឃើញថា ពលរដ្ឋដែលស្លាប់នេះ បណ្តាលមកពីការផឹកស្រាទាំងអ្នកលក់ និងអ្នកផលិតស្រា នឹងត្រូវអនុវត្តទៅតាមច្បាប់ជាធរមាន។ ប៉ុន្តែសម្រាប់កន្លែងដែលមិនជាប់ពាក់ព័ន្ធក៏នឹងត្រូវទទួលការណែនាំ និងឱ្យមានអនាម័យ៕