ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងខេត្តព្រះសីហនុ អ្នកជំងឺកូវីដ-១៩ ជាង ១.៨០០នាក់ បានជាសះស្បើយ

210

 

ព្រះសីហនុ៖ ខេត្ដព្រះសីហនុ ក៍ដូចជារាជធានី-ខេត្ដ ដទៃទៀតដែរ ដែលបានរងផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ គួរឱ្យកត់សម្គាល់ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ក៍ក្រុមការងារជួរមុខរបស់រដ្ឋបាលខេត្ដព្រះសីហនុ បាននិងកំពុង រួមសហការគ្នាខិតខំប្រឹងប្រែងបំពេញការងារយ៉ាងស្រស្រាក់ស្រស្រាំ ជាពិសេសក្រុមការងារគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ដព្រះសីហនុ បាននិងកំពុងមមាញឹកប្រឹងប្រែងថែរក្សាព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយជាបន្ដបន្ទាប់រហូតដល់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ គឺមានសរុបចំនួន ១.៨១៤នាក់ (ស្រី ១.១០៥) ហើយ តម្រូវឱ្យបន្ដធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្ដទៀតនៅតាមលំនៅឋានរៀងខ្លួន។
អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ឱ្យដឹងថា លទ្ធផលប្រតិបត្តិការលើព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ រួមមាន៖ អ្នកវិជ្ជមានចម្រុះជាតិសាសន៍ (អ្នកឆ្លងជំងឺកូវីដ-១៩) សរុបចំនួន ២.៦៩៨នាក់ (ស្រី ១.៥០៦) ក្នុងនោះ មានអ្នកជាសះស្បើយសរុបចំនួន ១.៨១៤នាក់ (ស្រី ១.១០៥) និងអ្នកជំងឺនៅសល់ចំនួន ៨៧២នាក់ (ស្រី ៣៩៥) កំពុង បន្ដសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដ និងកន្លែងព្យាបាលក្នុងក្រុងព្រះសីហនុ ព្រមទាំងអ្នកជំងឺកូវីដ-១៩ បានស្លាប់បាត់បង់ជីវិតចំនួន ១២នាក់ ជនជាតិខ្មែរទាំងអស់ (ស្រី៦)។ ទន្ទឹមនឹងនោះ ប្រតិបត្តិការយកសំណាក គឺទី១-សំណាកសម្រាប់ PCR TEST សរុបចំនួន ១០.៣០៧នាក់ (ស្រី ៥.១១០) និងទី២-សំណាកសម្រាប់ RAPID TEST សរុបចំនួន ៣៥.៦២៨នាក់ (ស្រី ១៦.៦៦៩)។ រីឯ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់លើកទី១ បានសរុបចំនួន ៣០.៣៥២នាក់ (ស្រី ៩.៩៤៩) និងចាក់លើកទី២ បានសរុបចំនួន ២១.៥១១នាក់ (ស្រី ៧.៣៥៨)។
លោក បន្ដថា ខេត្ដបានបន្ដដាក់ចេញនូវវិធានការ៖ ១.បិទផ្អាកអាជីវកម្មថ្មីជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចក្តាឡីស័ក សរុបចំនួន ១៣២ទីតាំង -បានចេញសេចក្តីជូនដំណឹងបង្ហាញ អត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ថ្មីៗ ជូនសាធារណជនឱ្យប្រុងប្រយ័ត្ន -បន្តស្រាវជ្រាវ និងអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធអោយស្ម័គ្រចិត្តមកយកវត្ថុសំណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ រដ្ឋបាលខេត្ដ នៅតែបន្ដអនុវត្ដវិធានការរដ្ឋបាលចំពោះទីតាំងខ្លះ និងបន្ដបិទផ្អាកផ្សារទាំងអស់នៅក្នុងក្រុងព្រះសីហនុ ដែលនៅមានការឆ្លងរាលដាលខ្លាំង និងមធ្យម ដើម្បីតាមដានគ្រប់គ្រង កាត់ផ្ដាច់ឫស្សគាល់នៃការឆ្លជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ សម្រាប់យុទ្ធានាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យទទួល បានជោគជ័យធានសុវត្ថិភាពសុខមាលភាពជូនប្រជាជន និងមាតុភូមិកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង