លោកជំទាវ ម៉ែន សំអន ផ្ដល់សម្ភារៈ វេជ្ជសាស្ដ្រ ជូនមន្ទីរពេទ្យហ្លួងម៉ែ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បាននាំយកថវិកា និងសម្ភារៈមួយចំនួន ប្រគល់ជូនដល់ លោកឧត្តមសេនីយ៏ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិត ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានពាំនាំការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ និងបងប្អូនទាំងអស់នៅមន្ទីរពេទ្យនេះ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខខុមាលភាព។ ដូច្នេះដើម្បីរួមចំណែកនៅ ក្នុងស្ថានការណ៍ការលំបាក ជាមួយរាជរដ្ឋាភិបាល និងការលំបាករបស់ ក្រុមគ្រួពេទ្យជួរមុខរបស់សម្តេចតេជោ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចាត់តំណាងនាំយក នូវស្បៀង អាហារទំនុកបម្រុង និងសម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀតជាបន្តបន្ទាប់ ដែលបម្រើឱ្យសកម្មភាពយុទ្ធនាការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់មន្ទីពេទ្យនាពេលនេះ ។
លោកឧត្តមសេនីយ៏ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ ក៏បានថ្លែងអំណរគុណ ដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុក្ខដាក់ ក្នុងការជួយឧបត្ថម្ភដល់មន្ទីរពេទ្យ។ ដែលសកម្មភាពទាំងនេះ បានបង្ហាញអំពីការ ចូលរួមរបស់សប្បុរសជន ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការយកចិត្តទុកដាក់ រួមដៃគ្នាជាមួយវិស័យសុខាភិបាល ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ។
ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យ សូមបន្តការខិតខំយកចិត្តទុកដាក់ បន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមគ្នា ទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបផងដែរថា អំណោយដែលនាំ មកនៅពេលនេះ រួមមាន ៖ ១.ម៉ាស់ពេទ្យ ៤៥.០០០ម៉ាស់ ២.អង្ករ ៥០០គីឡូក្រាម ៣.ទឹកសុទ្ធ ២០កេស ៤.មី ២០កេសតូច ៥.ទឹកស៊ីអ៊ីវ ២៤០ដប ៦.ទឹកត្រី ២៤០ដប ៧.អាល់កុល ៥កាន និងថវិកាមួយចំនួនផងដែរ៕ សំរិត