ការវែកមុខរកជនល្មើសពីបទរំលោភ ប៉ុនប៉ងសម្លាប់នៅខេត្តរតនគិរី កំពុងតែបន្តយ៉ាងសកម្ម
រតនគិរី ៖ ក្រុមការងារចម្រុះ “DELTA21” ការស្វែងរកជនល្មើសជាបុរស ដែលបានរំលោភ ហើយប៉ុនប៉ងសម្លាប់ទៅលើកុមារអាយុ ១៤ឆ្នាំម្នាក់ “គឺកំពុងតែបន្តយ៉ាងសកម្ម” លោក James McCABE នាយកប្រតិបត្តិ អង្គភាពការពារកុមារ និងមន្ត្រីដឹកនាំបេសកកម្មនេះ បានមានប្រសាសន៍។
“អ្នកទាំងអស់គ្នាអាចជឿជាក់បានថា យើងមិនព្រមសម្រាក ហើយយើងនឹងប្រើប្រាស់គ្រប់ធនធានដែលមាន និងប្រើប្រាស់គ្រប់មធ្យោបាយ នៅក្នុងការខឹតខំរបស់យើងដើម្បីចាប់ខ្លួនជនល្មើសមួយនេះ” លោក James McCABE បានបន្ត។ មន្ត្រីនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏បានចូលរួមក្នុងក្រុមការងារជំនាញជាន់ខ្ពស់នេះ ដើម្បីស្វែងរក និងចាប់ខ្លួនជនល្មើស។
អង្គភាពការពារកុមារ (CPU) បានបន្តផ្តល់ជំនួយជាទៀងទាត់ទៅដល់ក្រុមគ្រួសារជនរងគ្រោះ ហើយយើងទាំងអស់គ្នា មានភាពរីករាយដែលជនរងគ្រោះបានប្រសើរឡើង និងចេញពីមន្ទីរពេទ្យក្នុងពេលថ្មីៗនេះ បន្ទាប់ពីបានរងរបួសដែលមានគ្រោះថ្នាក់ដល់ជីវិតកាលពីថ្ងៃទី០៦ ខែឧសភា។
សូមបញ្ជាក់ថា កាលពីថ្ងៃទៅ៥ ខែឧសភា វេលាម៉ោង៥ល្ងាច ជនរងគ្រោះជាក្មេងស្រីអាយុ ១៤ឆ្នាំ ដែលកំពុងដើរនៅក្នុងចំការកៅស៊ូ ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានបុរសអាយុ ៤១ឆ្នាំម្នាក់ចាប់រំលោភ។ បន្ទាប់ពីសម្រេចសកម្មភាពរំលោភហើយ ជនល្មើសបានយកកាំបិតអារកជនរងគ្រោះ បង្កឲ្យមានរបួសធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់ជីវិត។
ជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ អង្គភាពការពារកុមារបាន ទទួលដំណឹងអំពីករណីនេះ។ ជនល្មើសក៏បានរត់គេចខ្លួន។
អង្គភាពការពារកុមារ (CPU) ជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី, នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ បានរួមគ្នាបង្កើតក្រុមការងារចម្រុះ DELTA21 ដើម្បីកំណត់អត្តសញ្ញាណ និងស្វែងរកជនល្មើស។
សកម្មភាពស្វែងរកជនល្មើសនេះ បានចាប់ផ្តើមនៅក្នុងខេត្តរតនគិរី និងខេត្តជិតខាងមួយចំនួន។
នេះគឺជាអំពើដ៏សាហាវព្រៃផ្សៃមួយ ហើយក្រុមការងារយើង នឹងធ្វើគ្រប់យ៉ាងដើម្បីស្វែងរក និងចាប់ខ្លួនជនល្មើសនេះឲ្យបាន។ ជាការណែនាំផ្ទាល់ពីខ្ញុំទៅកាន់ជនល្មើស យកល្អគួរតែផ្តល់ខ្លួនទៅឲ្យកម្លាំងសមត្ថកិច្ច។
កុមាររងគ្រោះកំពុងនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងអង្គភាពការពារកុមារ (CPU) កំពុងផ្តល់ជំនួយក្នុងការព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕