កាតព្វកិច្ចចុះបញ្ជីពាណិជ្ជកម្ម និងការការពារម៉ាក ពាណិជ្ជនាមសម្រាប់វិស័យព័ត៌មាន
ភ្នំពេញ ៖ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតមួយជម្រាបមក -ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទ – ចាងហ្វាង កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ គេហទំព័រ និងម្ចាស់ប្រព័ន្ ធផ្សព្វផ្សាយតាមអនឡាញ នាយកក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ស្តីពី ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក ពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយយោងតាម -ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម – ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ – ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និង-ប្រកាសអន្តរក្រសួងលេខ០២៥៦ពណ.ច.ប.ព.បក ចុះថ្ងៃទី២៨ខែសីហាឆ្នាំ២០២០ ស្តីពីការគ្រប់គ្រង ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់ អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ រវាងក្រសួងពាណិជ្ជកម្ម ជាមួយក្រសួងព័ត៌មាន។
ឯកឧត្តមខៀវ កាញារីទ្ធ សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ ចាងហ្វាងកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយ តាមអនឡាញ និងនាយកក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ជ្រាបថា កន្លងមកក្រសួងព័ត៌មាន បានសង្កេតឃើញថា ម្ចាស់ស្ថាប័ន អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផ្តល់សេវាកម្ម លើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនធំបានយកចិត្តទុកដាក់អនុវត្តតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងប្រកាសអន្តរក្រសួងលេខ ០២៥៦ ព.ណ.ច.ប.ព.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្តីពី ការគ្រប់គ្រងការចុះ បញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ ធានាបាននូវការប្រើប្រាស់ម៉ាក ពាណិជ្ជនាមដែលជាអត្តសញ្ញាណនៃស្ថាប័ន អង្គភាពសារ ព័ត៌មាន និងក្រុមហ៊ុនរបស់ខ្លួន បានត្រឹមត្រូវតាមច្បាប់។ ទន្ទឹមនេះ ក៏មានម្ចាស់សា្ថប័ន អង្គភាពសារព័ត៌មាន និង ក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនតូច នៅមិនទាន់អនុវត្តតាមច្បាប់ និង បទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជានៅឡើយ ហើយបានប្រើប្រាស់ម៉ាក ពាណិជ្ជនាមសា្ថប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានទៅលើអត្តសញ្ញាណរបស់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនដទៃទៀតធ្វើឱ្យ មានការភាន់ច្រឡំ ច្របូកច្របល់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្ម ដែលបានចុះបញ្ជីស្របច្បាប់រួចហើយ។ ដូច្នេះដើម្បីធានា ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន អង្គភាពសារព័ត៌មាន និង ក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មាន សូមណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោត ទស្សន៍ទាំងអស់ដែលកំពុងធ្វើអាជីវកម្ម ហើយមិនទាន់បានចុះបញ្ជីម៉ាក ពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ សូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជីពាណិជ្ជកម្មដើម្បីការពារម៉ាក ពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុន របស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ដំណាច់ឆ្នាំ២០២១។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ ហើយនៅតែបន្តប្រើប្រាស់ម៉ាក និងពាណិជ្ជនាមសា្ថប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពាន ច្បាប់ក្រសួងព័ត៌មាន នឹងបញ្ឈប់ការផ្តល់ អាជ្ញាបណ្ណប្រកបអាជីវកម្មចាប់ពីឆ្នាំ២០២២តទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី យកចិត្តទុកដាក់អនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕