ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក ផ្តល់១១លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅកម្ពុជា

81

ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយ ១១លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។

ជំនួយខាងលើ បានបញ្ជាក់ឡើងក្នុងឱកាស ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបដើម្បីពិភាក្សាការងារ អំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក Patrick Murphy បានពាំនាំនូវសមានចិត្តសាមគ្គីភាពជាមួយ ប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជំងឺរាតត្បាតកូវីដ-១៩។

«លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់អំពីជំនួយ របស់សហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ១១លានដុល្លារអាមេរិក សម្រាប់ការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ព្រមទាំងការប្ដេជ្ញា របស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់ទឹកប្រាក់ បួនពាន់លានដុល្លារអាមេរិក ក្នុងក្របខណ្ឌវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក»។ នេះបើតាមក្រសួងការបរទេសកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះជំនួយរបស់សហរដ្ឋអាមេរិក ទាំងក្របខណ្ឌទ្វេភាគីចំពោះកម្ពុជា និងក្របខណ្ឌអន្តរជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង សហរដ្ឋអាមេរិក (USCDC) និងក្រសួងសុខាភិបាលកម្ពុជា នារយៈពេលកន្លងមក។

លោកឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់រួម លើចំណុចវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលនៅតែមានការកើនខ្លាំងឡើងនៅឆ្នាំ ២០២០ បើទោះបីជាមានបញ្ហាកូវីដ-១៩ យ៉ាងណាក៏ដោយ។

ក្រៅពីនេះ ទោះបីជាមានការខ្វែងគំនិតគ្នាលើ បញ្ហាមួយចំនួនក្ដី ភាគីទាំងពីរនៅតែបញ្ជាក់ ពីការប្ដេជ្ញាចិត្តខិតខំ ដោះស្រាយរួមគ្នា និងមិនធ្វើ ឱ្យបញ្ហាទាំងនោះក្លាយជាឧបសគ្គ នៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរនោះទេ។

លោកឧបនាយករដ្ឋមន្រ្តី បានជំរាបជូន លោកឯកអគ្គរដ្ឋទូត ថានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ មេសា ២០២១ នៅទីក្រុងហ្សាកាតា ពាក់ពន្ធ័និងបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកនូវ បទពិសោធន៍ជាក់លក្សដ៏សំខាន់ក្នុងការដោះស្រាយ ជំលោះដោយបានសង្កត់ធ្ងន់ថា ដើម្បីរកដំណោះស្រាយបានលុះត្រាតែ ១) តម្រូវឲ្យឈប់មានការប្រើអំពើហឹង្សារ ២) គ្រប់ភាគីត្រូវជួបពិភាក្សាគ្នាដោយ មានការជួយជ្រោមជ្រែងពី អាស៊ាន ហើយ ៣) អនុញាត្តិឲ្យការផ្តល់ ជំនួយមនុស្សធម៌អាចប្រព្រិត្តបាន។ ជារួម កម្ពុជាចង់ឃើញមីយ៉ាន់ម៉ា វិលទៅរកស្ថានភាពប្រក្រតីឡើងវិញ (normalcy)។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា បទពិសោធន៍របស់ សម្តេចតេជោ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង គោលការណ៍ «ការឯកភាពគ្នាជាឯកឆន្ទប្រាំចំណុច» ដែលជាលទ្ធផលនៃកិច្ចប្រជុំ របស់មេដឹកនាំអាស៊ានកន្លងទៅ។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ ២០២២ និងបានថ្លែងអំណរគុណ សហរដ្ឋអាមេរិក ដែលបានបង្ហាញ សមានចិត្តគាំទ្រជួយទ្រទ្រង់កម្ពុជា ក្នុងការបំពេញតួនាទី ជាប្រធានអាស៊ានទទួល បានជោគជ័យនៅឆ្នាំក្រោយ៕

អត្ថបទដែលជាប់ទាក់ទង