ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន បន្តយកអំណោយសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋនៅតាមបន្ទប់ជួលក្នុងសង្កាត់ទន្លេបាសាក់ ចំនួន ៧៧៤ គ្រួសារ

77

ភ្នំពេញ ៖ ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំនួន ៤៧៧គ្រួសារ បានទទួលស្បៀងអាហារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨~១៩ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, អភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលង ពលរដ្ឋណាម្នាក់ឡើយ ។

ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចទាំងទ្វេ ជូនបងប្អូនប្រជាពលរដ្ឋ និងបានចាត់ឱ្យមន្ត្រីនៅមូលដ្ឋាន យកចិត្តទុកដាក់ចំពោះសុខទុក្ខ ក៏ដូចជាការលំបាករបស់បងប្អូន ដោយមិនទុកឲ្យពលរដ្ឋ ណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ ។

ក្នុងនោះលោកអភិបាលខណ្ឌ បាននាំមកនូវការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានី ដោយបញ្ជាក់ថា ទោះបីបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ មានការថមថយបន្តិចមែន បានអំពាវនាវដល់ប្រជាពលរដ្ឋ នូវការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងគ្រាលំបាកនេះ និងស្នើដល់ប្រជាពលរដ្ឋរក្សាការអត់ធ្មត់ និងសូមកុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ។

លោក ថេង សុថុល បានលើកឡើងទៀតថា ទោះបីរាជធានីភ្នំពេញ មានការបង្រួមតំបន់ក្រហម ទៅជាតំបន់លឿងទុំ ឬលឿង ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង អាជ្ញាធរ នៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវវីដ-១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួន មិនគិតពីការឆ្លងជំងឺកូវីដ១៩ នោះឡើយ។ ដូច្នេះការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរ មានសមត្ថកិច្ច គឺជាការចាំបាច់បំផុត ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលគោលដៅចម្បង គឺការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

ទន្ទឹមនេះ ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅផងនោះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះ គ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ។

បើតាមលោកនាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូន ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ១បាវ មី ១កេស, ត្រីខ ១យួរ និងទឹកស៊ីអ៉ីវ ១យួរ ៕

អត្ថបទដែលជាប់ទាក់ទង