ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខ្វះខាត នៅសង្កាត់បឹងត្របែក បានទទួលអំណោយកាកបាទក្រហមកម្ពុជានាសម័យកូវីដ

167

ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាសង្កាត់បឹងត្របែក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា១៥គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៥គ្រួសារ សរុបចំនួន៣០គ្រួសារ រស់នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
នាឱកាសនោះ ក្នុងនាម លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់បង្កេីន ការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
អំណោយមនុស្សធម៌ដែល ផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ ម៉ាស់២៥សន្លឹក និងថវិកាចំនួន២មុឺនរៀល ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង