ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មួយសប្តាហ៍ទៀតនេះ បំរាមគោចរនៅបន្តជាមួយ ការផាកពិន័យមិនលើងលែង ហើយផ្សារទាំង២៥នៅតែបន្តបិទ ,អ្នករត់ចេញពីទីតាំងលឿងទុំ មានទោសខណ្ឌ

107

 

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ ពោលគឺមិនលើកលែង ចំពោះអ្នកដែលល្មើសនឹងបំរាមគោចរ និងអ្នកដែលលួចចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបាន បិទខ្ទប់ឡើយ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌថែមទៀត។
នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ឧសភានេះ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សារកចំណុចល្អនិងចំណុចខ្វះខាត យកមកអនុវត្តបន្ត ក្នុងការអនុវត្តការងារបន្តនៃការ បិទខ្ទប់តំបន់លឿងទុំ តាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ ចាប់ពីថ្ងៃ២០ឧសភា រហូតដល់ថ្ងៃទី២៧ឧសភាខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ។
លោកឃួង ស្រេង បានលើកឡើងទៀតថា ៖១សប្តាហ័ទៀត (ថ្ងៃ២០ ដល់២៧ឧសភា )ដែលយើងត្រូវអនុវត្តនេះ ជាទឹកចុងក្រោយហើយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវតែម៉ឹងម៉ាត់ បើយើងគ្រប់គ្រងមិនបាន វានឹងវិលមករកចំណុចដើមវិញ នោះគឺចប់ហើយ ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តឱ្យ បានម៉ឺងម៉ាត់ចំពោះបំរាមគោចរណ៍ ត្រូវឃាត់យានយន្ត ដែលធ្វើចរាចរណ៍ល្មើស ចាប់ពី៨យប់ដល់ម៉ោង៥ភ្លឺ ទាំងអស់មករក្សាទុកនិងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ ។
លោកបញ្ជាក់ថា ៖ការផាកពិន័យ នេះរដ្ឋបាលរាជធានីគ្មានចេត នាណាមួយ ចង់បានលុយពីការផាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងតែមួយគត់ គឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយ
អាជ្ញាធរនិងក្រសួងសុខាភិបាល ដើម្បីយើងអាចផ្តាច់បានជម្ងឺកូវិដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។
លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ៖តើយើងអាចបើកផ្សាររដ្ឋទាំង២៥ឡើងវិញ ម្តេចនឹងកើតទៅ បើបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនមិនបាន អនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំ របស់អាជ្ញាធរនិងក្រសួងសុខាភិបាលផងហ្នឹង ។ដូច្នេះយើងគ្មានមធ្យោបាយដើម្បីនឹង បើកផ្សាររដ្ឋទាំង២៥នេះឱ្យដំណើរការឡើងវិញនោះទេ ក្នុង១សប្តាហ៍ទៀតនេះ ។
លោកឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងទាំងអស់ បន្តការផ្សព្វផ្សាយពីវិធានការ ការពាររបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តអោយបាន ម៉ឺងម៉ាត់បំផុត ព្រោះថា បើយើងភ្លេចខ្លួនតែបន្តិចវានឹងមានបញ្ហា៕

អត្ថបទដែលជាប់ទាក់ទង