អនុវត្តវិធានការនានា ឱ្យកាន់តែមានប្រសិទ្ធភាព ត្រូវរឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ ចំពោះបុគ្គលល្មើស
ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលល្មើស ស្របតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ថានគតិយុត្តពាក់ព័ន្ធជាធរមាន។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា កន្លងមក ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ២០២១។ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ដូចជា កាតព្វកិច្ចពាក់ម៉ាស នឹងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, បម្រាមគោចរចន្លោះម៉ោង ២០ ដល់ម៉ោង ៣ ទៀបភ្លឺ, ផ្អាកការលក់គ្រឿងស្រវឹង, កំណត់ការលក់ដូរជាលក្ខណៈវេចខ្ចប់, ផ្អាកដំណើរការ ជាបណ្ដោះអាសន្នផ្សាររដ្ឋនិងផ្សារមិនរៀបរយ និងផ្អាករាល់ការជួបជុំប្រមូលផ្ដុំមនុស្សច្រើន ជាដើម។ ជាការកត់សម្គាល់ បងប្អូនប្រជាពលរដ្ឋភាគច្រើន លើសលប់ បានចូលរួមអនុវត្តវិធានការខាងលើនេះ ដោយស្មារតី ទទូលខុសត្រូវខ្ពស់ ប៉ុន្តែ ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច មិនបានយកចិត្តទុកដាក់ និងមានការធ្វេសប្រហែស ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ ៖ ស្របពេលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលបន្តិច យុវជន-យុវនារីខ្លះ បានបំពានវិធានការ ផ្ដើនបម្រាម និងមិនព្រមចូលរួមសហការឡើយ។
ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ៖ ជាគោលការណ៍អនុវត្ត គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ តែងតែ ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងការអត់ធ្មត់ខ្ពស់ ដោយប្រើប្រាស់ យន្តការផ្សព្វផ្សាយ និងការអប់រំ។ ចំពោះមុខ ដើម្បី ឈានទៅគ្រប់គ្រងបានទាំងស្រុង នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវជំរុញ ការអនុវត្តវិធានការនានា ឱ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវរឹតបន្តឹង ការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំង ការផ្សព្វផ្សាយជាសាធារណះ ចំពោះបុគ្គលល្មើសដែល បំពានវិធានការរបស់អាជ្ញាធរមូលដ្ឋាន ស្របតាមច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន-យុវនារី ទាំងអស់ នឹងបន្តរួមគ្នាអនុវត្តរាល់វិធានការ ចាំបាច់ដែលបានដាក់ចេញ ដោយស្មារតីទទូលខុសត្រូវខ្ពស់ ដើម្បីការឆាប់ វិលត្រឡប់នៃប្រក្រតីភាព ជីវភាពរស់នៅ និងដើម្បីចៀសផុតពីការផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ចំពោះ ការបំពានវិធានការ របស់អាជ្ញាធរមូលដ្ឋាន ដូចបានជម្រាបជូនក្នុងខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព៕