ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដកតួនាទី នាយករងសាលាក្រុងច្បារមនម្នាក់ ក្រោយទាត់ថាសព្រីងក្មេងស្រីម្នាក់ លក់នៅផ្សារកំពង់ស្ពឺ

122

 

កំពង់ស្ពឺ ៖  រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែឧសភានេះ បានចេញសេចក្តីសម្រេចបញ្ចប់តួនាទីលោក ឡាក់ ប៊ុនធីម ពីនាយករងសាលាក្រុងច្បារមន មកជាមន្ត្រីនៃក្រុងច្បារមនធម្មតា។ ការដកហូតមុខតំណែងតួនាទីពីលោក ឡាក់ ប៊ុនធីម ក្រោយពេលមន្រ្តីរូបនេះ បានទាត់ថាសព្រីងក្មេងស្រីម្នាក់កំពប់នៅផ្សារកំពង់ស្ពឺ ហើយត្រូវគេចែកចាយ លើបណ្តាញសង្គមហ្វេសប៊ុក។

ថ្មីៗនេះ ក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា អាយុ១៣ឆ្នាំ រស់នៅសង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ត្រូវបានលោក ឡាក់ ប៊ុនធីម ទាត់ថាសព្រីងកំពប់ ដោយលើកហេតុផលថា នាងលក់ព្រីងនៅតំបន់ហាមឃាត់។

ក្រោយកើតហេតុ អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា ដើម្បីចូលជួប និងផ្ដល់អំណោយមួយចំនួនជូនជាការលើកទឹកចិត្តឡើងវិញ។

អភិបាលខេត្ដកំពង់ស្ពឺ បានថ្លែងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ក្រោយពីបានឃើញហ្វេសប៊ុក របស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ខ្ញុំបានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។ សូមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវក រក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ ដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។ បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌ របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង