ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនយុវជនម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ករណីគ្រឿងញៀន

91


(បន្ទាយមានជ័យ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង ២៥នាទី។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៩២ចខ/ឃ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ស្តីពីករណីជួញដូរសារធាតុញៀន ដោយខុសច្បាប់ ចេញដោយលោក ហុក ពៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ស៊ិន ដៀប បានអោយដឹងថា ៖ ដោយអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការអនុវត្តន៍តាមដីកាបង្គាប់ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ រី សារ៉ាយ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ ធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឆែកឆេរលើខ្លួនរបស់ជនសង្ស័យ ឃើញមានវត្ថុតាងមួយចំនួននៅនឹងខ្លួនជនសង្ស័យរួមមាន ៖ គ្រឿងញៀនមេតំហ្វេតាមីន ចំនួន ៣កូនថង់ ទម្ងន់ ០,២២ក្រាម កាំបិត១ដើម ពូថៅ១ដើម ទូរស័ព្ទដៃម៉ាកណូគា ពណ៌ខ្មៅ១គ្រឿង នាឡិកាដៃ១គ្រឿង ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

ក្រោយពីធ្វើការឃាត់ខ្លួន និងសួរចម្លើយរួចមក លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានជួញដូរគ្រឿងញៀនតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ដោយទិញពីជនមិនស្គាល់ឈ្មោះ នៅក្រុងសិរីសោភ័ណ ដើម្បីយកមកចែកចាយបន្តនៅក្នុងភូមិសាស្រ្តស្រុកភ្នំស្រុក ។ ដោយយោងលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងទៅលើដីកាបង្គាប់អោយចាប់ខ្លួន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងអនុវត្តន៍តាមដីកាបង្គាប់អោយនាំខ្លួន កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង