ប្រពន្ធ និងកូនធម៌ ដែលរួមគំនិតសម្លាប់ប្តី ត្រូវតុលាការ ចេញដីកាដាក់គុកមួយជីវិត
ភ្នំពេញ៖ សំណុំរឿង ឃាតកម្ម ប្រពន្ធដើម ជួលកូនធម៌ ឲ្យសម្លាប់ប្តីរបស់ខ្លួន ព្រោះខឹងរឿងមានស្រី នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទជាប្រពន្ធ និងជនដៃដល់ជាកូនធម៌ ដាក់គុកអស់មួយជីវិត។
លោក សេង ហៀង តំណាងអយ្យការសវនាការ បានចោទប្រកាន់ លើជនជាប់ចោទទី១ ឈ្មោះ សូ ផា ភេទប្រុស អាយុ ២៩ឆ្នាំ ជាកូនធម៌ជនរងគ្រោះ និងទី២ឈ្មោះ សៅ សំអឿន ភេទស្រី អាយុ ៤៦ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ កៅ ផា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី កាលពីយប់ថ្ងៃទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ជនជាប់ចោទឈ្មោះ សូ ផា បានសារភាពថា ជនជាប់ចោទ ឈ្មោះ សៅ សំអឿន ជាប្រពន្ធជនរងគ្រោះ បានជួលខ្លួន ក្នុងតម្លៃ ១ពាន់ដុល្លារ ឲ្យសម្លាប់ប្តី និងយកឡានយកឡានទៅផ្ទះវិញ ព្រោះខឹងជនរងគ្រោះ ឈ្មោះ កៅ ផា ជាប្តីយកឡាន តូរីស ដែលឈ្មោះ សៅ សំអឿន ជាប្រពន្ធខំយកលុយ កូនធ្វើការនៅប្រទេសកូរ៉េ ចំនួន ១២.០០០ដុល្លារ ទិញឲ្យរត់តាក់ស៊ី បែរជាជនរងគ្រោះ យកទៅរកស៊ីចិញ្ចឹមស្រី ចុះចោលប្រពន្ធកូន។
ដោយឡែកជនជាប់ចោទឈ្មោះ សៅ សំអឿន បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើដូចការលើកឡើងរបស់ឈ្មោះ សូ ផា មែនព្រោះតែខឹងប្តីមានស្រី។
គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួន ក្រុមជនជាប់ចោទខាងលើ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីពលរដ្ឋបាន ប្រទះឃើញសាកសព ជនរងគ្រោះ ចងផ្អោបនឹងដុំថ្ម នៅក្នុងប្រលាយទឹកស្អុយ ចំណុចតាមបណ្តោយផ្លូវលំ ខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៦៕