ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទុះភ្នំភ្លើងនៅកុងហ្គោ ស្លាប់ ៣២នាក់

112

 

អាហ្រ្វិក៖ ចំនួនមនុស្សស្លាប់ដោយសារបន្ទុះភ្នំភ្លើងថ្មីៗនេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) នៃទ្វីបអាហ្រ្វិកបានកើនដល់ ៣២នាក់ហើយ ខណៈអាជ្ញាធរជឿថា តួលេខអាចនឹងខ្ពស់ជាងនេះទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។

អាជ្ញាធរកុងហ្គោបានឲ្យដឹងថា ភ្នំភ្លើង នីយីរ៉ាហ្គុងហ្គោ (Nyiragongo) ដែលស្ថិតក្នុងខេត្ត គីវូខាងជើង (North Kivu) បានផ្ទុះឡើង កាលពីវេលាយប់ថ្ងៃសៅរ៍សប្តាហ៍មុន ហើយបានផ្អាកសកម្មភាពទៅវិញ នាវេលាព្រឹកថ្ងៃអាទិត្យសប្តាហ៍ដដែល។ ប៉ុន្តែវាបានបណ្តាលឲ្យ មនុស្សយ៉ាងហោចណាស់ ៣២នាក់ស្លាប់ ដោយតួលេខអាចនឹងកើនខ្ពស់ជាងនេះ ហើយមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន។

គួរបញ្ជាក់ថា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានផ្ញើសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនកុងហ្គោផងដែរ។ ករណីបន្ទុះភ្នំភ្លើងនេះ គឺជាហេតុការណ៍ដ៏កម្របំផុតមួយ ប្រចាំនៅទ្វីបអាហ្រ្វិក។

បើតាមរូបភាព និងវីដេអូ ដែលត្រូវបានចេញផ្សាយលើសារព័ត៌មាននានា រួមទាំងបណ្តាញសង្គមផងដែរ គេឃើញកម្អែលភ្នំភ្លើង Nyiragongo បានហូរចាក់ចូលភូមិប្រជាជននៅក្បែរនោះតែម្តង ដែលទិដ្ឋភាពបែបនេះ គឺពិតជាគួរឲ្យតក់ស្លុកជាទីបំផុត។ អាជ្ញាធរកុងហ្គោ (DRC) និងកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅតែបន្តតាមដានសកម្មភាពភ្លើងនេះដដែល៕

អត្ថបទដែលជាប់ទាក់ទង