ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជា សុផារ៉ា ៖ មន្ទីរត្រូវបញ្ឈប់ការចុះបញ្ជី និងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អលចនវត្ថុ សម្រាប់ការចុះបញ្ជី លើកដំបូង តាមលក្ខណៈដាច់ដោយដុំ

144


ភ្នំពេញ៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានចេញសេចក្តីដំណឹងដោយជម្រាបជូន លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធាន ខេត្ត អំពីការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ អនុលោមតាមអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ។

លោក ជា សុផារ៉ា បានប្រាប់ដល់ប្រធានមន្ទីរ ជ្រាបថា តាមអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ រដ្ឋបាលសុរិយោដីអាចធ្វើការចុះបញ្ជី និងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬចេញវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុ អាស្រ័យលើក្បាលដីនោះ បំពេញបាននូវលក្ខខណ្ឌច្បាប់ និងបច្ចេកទេស ។ ប៉ុន្តែក្នុងការអនុវត្តកន្លងមក រដ្ឋបាលសុរិយោដីថ្នាក់រាជធានី ខេត្តបានធ្វើការចុះបញ្ជី និងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប័ណ្ណភោគៈ) តែប៉ុណ្ណោះ ដោយមូលហេតុ ក្បាលដីស្នើសុំចុះបញ្ជីមិនទាន់បំពេញ បាននូវលក្ខខណ្ឌបច្ចេកទេស មិនទាន់បានកសាង​ប្លង់ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ដូចជា ផ្លូវ ប្រឡាយ ព្រែក អូរ ស្ទឹង បឹង ។ល។

លោកទេសរដ្ឋមន្រ្តី បានធ្វើការណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ដូចខាងក្រោម ៖១)មន្ទីរត្រូវបញ្ឈប់ការចុះបញ្ជី និងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អលចនវត្ថុ (ប័ណ្ណភោគៈ) សម្រាប់ការចុះបញ្ជីលើកដំបូងតាមលក្ខណៈដាច់ដោយដុំ ហើយត្រូវចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អលចនវត្ថុ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដោយប្រើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុគំរូថ្មី ដែលបានដាក់ឲ្យប្រើប្រាស់តាមប្រកាសលេខ០៨៩ ដនស/ប្រក/អរប ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់។ ចំពោះរបៀបនៃការចុះបញ្ជី និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ ០០៥ សណន/សដ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបំពេញ ការប្រើប្រាស់ និងការកាន់កាប់ឯកសារចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ អនុលោមតាមអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២។ ២) ដើម្បីអនុវត្តការចុះបញ្ជី និងការចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុក្នុងចំណុចទី១ ខាងលើ មន្ទីរត្រូវធ្វើការណែនាំដល់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ឲ្យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រង់ទិន្នន័យ និងកសាងប្លង់ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ដូចជា ផ្លូវ ប្រឡាយ ព្រែក អូរ ស្ទឹង បឹង … ដោយកំណត់ទំហំដាក់លាក់តាមបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីយកមកពិនិត្យ ដាក់ប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងស្នើសុំការសម្រេចពីអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង