គិតត្រឹមថ្ងៃ២៥កុម្ភៈនេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅភ្នំពេញ បានចំនួនជាង១លាន៧សែននាក់
ភ្នំពេញ ៖ យោងតាមមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹងនៅរសៀលថ្ងៃទី២៦ឧសភានេះថា សម្រាប់ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃ២៥កុម្ភៈ ម្សិលម៉ិញនេះ ចាក់បានចំនួនជាង១លាន៧សែននាក់ហើយ នៅរាជធានីភ្នំពេញ ដោយក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី បានកំពុងសម្រុកចាក់យ៉ាងមមាញឹកបំផុត ដើម្បីធ្វើយ៉ាងណាឱ្យការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។
បើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានី បានបញ្ជាក់ថា ៖គិតត្រឹមថ្ងៃ២៥ ឧសភានេះ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ បានចំនួន ១៧១៤៧៨៥នាក់ហើយ ខណៈដែលកាលពីថ្ងៃ២៤កុម្ភៈមានចំនួន១,៦៣៣,២៦២នាក់ (សរុបទាំងពីរលើក) ។ មានន័យថា ៖សម្រាប់រយៈពេល១ថ្ងៃ នៃថ្ងៃទី២៥ ឧសភា ម្សិលម៉ិញនេះ ក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងនេះជូន ប្រជាពលរដ្ឋបានចំនួន៨១៥២៣នាក់។
គួររំលឹកថា ៖កាលពីថ្ងៃទី២៥ កុម្ភៈម្សិលម៉ិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវមួយ ដល់ម្ចាស់រោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជនទាំងអស់ ត្រូវអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន ទៅទទួលយកការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ ទទួលបានការចាក់វ៉ាក់សាំង គ្រប់ៗគ្នា យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល កាត់បន្ថយឲ្យបានជាអតិបរមា នូវការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕