ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីគណបក្សទាំង១៦ នឹងទទួលបាននូវតំណែងបន្ថែម ជាទីប្រឹក្សារាជរដ្ឋាភិបាល

97


ភ្នំពេញ៖ បើតាមលោកផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា តំណាងគណបក្សនយោបាយជាង១០ ដែលបានចូលរួមជួបប្រជុំជាមួយសម្តេចតេជោ បានថ្លែងថា “ខ្ញុំមានកិត្តិយស មោទនភាព និងសេចក្តីរីករាយ ក្នុងការមកចូលរួមក្នុងវេទិកានេះ ក្នុងបរិបទរួមគ្នាគិត រួមគ្នាធ្វើ ខ្ញុំសូមឯកភាព និងគាំទ្រ នូវការផ្ដួចផ្តើម របស់សម្តេចតេជោ នេះ” ។

លោកផៃ ស៊ីផាន បានឲ្យដឹងថា “នេះជាពាក្យលើកឡើង របស់គណបក្ស ដែលមានវត្តមានទាំងអស់ លើកលែងតែគណបក្សខ្មែរសាធារណរដ្ឋ ឯកឧត្តម លន់ ឫទ្ធិ ដែលសូមពិគ្រោះជាមួយនិងសហគាវិកសិន។ សូមជម្រាបបន្ថែមថា មន្រ្តីគណបក្សទាំងអស់នេះ នឹងទទួលបាននូវតំណែងបន្ថែមជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីងាយស្រួល ចំពោះសកម្មភាព ចុះទៅកាន់មូលដ្ឋាន ក្នុងការងារនយោបាយ របស់គណបក្សផ្ទាល់របស់គេ”។

ប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្ដើមបង្កើត ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះជាការបញ្ជាក់របស់ លោក ផៃ ស៊ីផាន ។

សូមបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។

លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ។

អ្នកនាំពាក្យរូបនេះ បានពន្យល់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នេះរួមមាន៖

*ភារកិច្ច

ទី១៖ ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល(ធាតុចូល)
ទី២៖ ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តិធ្វើញត្តិជូនព្រឹទ្ធសភាតតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា
ទី៣៖ ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់ នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី
ទី៤៖ ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។

*សមាសភាព និងយន្តការ

ទី១៖ សមាសភាព ដោយស្ម័គ្រចិត្ត មកលើគណបក្សដែលបានចូលរួមបោះឆ្នោត អាណត្តិទីប្រាំមួយ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី
ទី២៖ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើរដោយនាយករដ្ឋមន្រ្តី
ទី៣៖ ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍បានគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀង បញ្ជីបោះឆ្នោត
ទី៤៖ ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ
ទី៥៖ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុង វិមានសន្តិភាព។

*កិច្ចដំណើរការ

ទី១៖ ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន
ទី២៖ ប្រជុំជាមួយនាយករដ្ឋមន្រ្តី០៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី
ទី៣៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង