ប្រជាពលរដ្ឋក្រីក្ររងផល ប៉ះពាល់ ដោយជម្ងឺកូវីដ-១៩ ប្រមាណ១៤០០០គ្រួសារ នៅខណ្ឌទួលគោក នឹងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល
ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រប្រមាណ១៤០០០គ្រួសារ រស់នៅ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ–១៩ នឹងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ដែលថវិកាទាំងនេះ ត្រូវមានការអនុម័តពីក្រុមប្រឹក្សាខណ្ឌទួលគោកផងដែរ ទើបអាចសម្រេចបញ្ជូនទៅចែកជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈ ការផ្ញើរតាមវីងជាដើមក្រោយពីប្រជាពលរដ្ឋប្រមាណ១៤០០០គ្រួសារដែរនេះ បានទទួលស្បៀងអាហារមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុនសែន និងសប្បុរសជននានា។
នេះបើតាមការលើកឡើងរបស់ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទូកគោក ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមាន លោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោក។
លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ–១៩ក្នុងមូលដ្ឋានខណ្ឌទួលគោក មានចំនួនប្រមាណ១៤០០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងនេះនឹងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ដែលថវិកាទាំងនេះនឹងត្រូវឆ្លងកាត់ការអនុម័តពីក្រុមប្រឹក្សាខណ្ឌទួលគោកផងដែរ ទើបយើងអាចសម្រេចបញ្ជូនទៅចែកជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈ ការផ្ញើរតាមវីងជាដើម ។
លោកបញ្ជាក់ផងដែរថា ការផ្ទុះជម្ងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ២០២១នេះ អាជ្ញាធរខណ្ឌទួលគោកបាននាំយកអំណោយជាស្បៀងអាហារមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រមាណ១៣០០០គ្រសារ ហើយបើសរុបទាំងសប្បុរសជននានាទៀត ប្រជាពលរដ្ឋដែលប៉ះពាល់ដោយកូវីដ–១៩ចំនួនប្រមាណជាង១៤០០០គ្រួសារ ហើយដែលបានទទួលស្បៀងអាហារ។ចំណែកការចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានខណ្ឌវិញ អាជ្ញាធរ ខណ្ឌ សង្កាត់និងកងកម្លាំងមានសមត្ថកិច្ចបានសហការយ៉ាងល្អជាមួយកងទ័ព ដើម្បីផ្តល់ការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋយើង ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ពោលគឺធ្វើយ៉ាងណា អោយការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាយ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ សម្រាប់អ្នករស់នៅភ្នំពេញ។
ក្រៅពីនេះ លោកឯក ឃុនដឿន នូវបានធ្វើការណែនាំ ដល់អាជ្ញាធរសង្កាត់និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចុះពិនិត្យមើលទីផ្សារ ភោជនីដ្ឋាន ដែលរដ្ឋបាលរាជធានីសម្រេចអោយបើកឡើងវិញ ដើម្បីអោយទីតាំងទាំងនេះ អនុវត្តអោយបានល្អប្រសើរនូវវិធានរបស់ក្រសួងសុខាភិបាលនិងការអនុវត្ត៣កុំ និង៣ការពាររបស់សម្តេចតេជោហ៊ុន សែនដើម្បីលុបបំបាត់ឬផ្តាច់អោយបានជម្ងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ២០២១នេះ។
លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកបានបញ្ជាក់ផងដែរថា សម្រាប់មន្ត្រីរាជការ និងមន្ត្រីមានអាណត្តិនៅខណ្ឌទួលគោក មកដល់ពេលនេះ បានបំពេញកាតព្វកិច្ចនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ–១៩រួចរាល់អស់ហើយ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់អោយបានជម្ងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ២០២១នេះ៕