ទឹកជំនន់ស្ទឹងព្រែកត្នោតឡើងតែនៅមិនទាន់គំរាមកំហែងខណ្ឌដង្កោនៅឡើយទេ
ភ្នំពេញ៖លោកអភិបាលខណ្ឌដង្កោបានឱ្យដឹងថា៖ នៅថ្ងៃទី២១ខែសីហាស្ថានភាពទឹកស្ទឹងព្រែកត្នោតឡើងមែន តែនៅមិនទាន់ដល់កន្លែងដែលឡើងកាលពីខែកក្ដដាទេក៏ប៉ុន្តែសង្កាត់គងនយនៅតំបន់ទំនាប ទឹកចាប់ចូលខ្លះហើយនៅមិនទាន់គំរាមកំហែងខណ្ឌដង្កោនៅឡើយទេ បើទោះបីទឹកនៅខាងលើក្នុងខេត្តកំពង់ស្ពឺនិងខេត្តកណ្ដាលស្រក់ហើយក្ដី។
កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលអភិបាលខណ្ឌដង្កោរួមជាមួយលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ពាក់ព័ន្ធ មេភូមិ មន្ត្រីរាជការខណ្ឌ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត និងត្រៀមដើម្បីចាត់វិធានការទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋ ចំពោះផលប៉ះពាល់ផ្សេងៗដែលអាចបង្ករឡើងដោយសារទឹកជំនន់ និងត្រៀមសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម។
ពាក់ព័ន្ធការងារនេះអ្នកនាំពាក្យក្រសួងធន់ធានទឹកនិងឧត្តុនិយមបានឱ្យដឹងដែរថា៖នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងបន្ដការគំរាមកំហែង ដែលអាចលិចតំបន់មួយក្នុងទឹកដីខណ្ឌដង្កោ បើសិនមិនអាចគ្រប់គ្រង និងទប់ស្កាត់ទាន់ពេលវេលាដែលមានប្រសិទ្ធភាព ខណៈស្ថានភាពនេះប្រហាក់ប្រហែលកាលពីខែកក្កដាកន្លងទៅនេះ។មកដល់ពេលនេះទំនប់សណ្ដរស្ទឹងព្រែកត្នោតទាំង៣កន្លែង បានជួសជុលរួចរាល់។ក៏ប៉ុន្តែទឹកបានហូរពីលើទំនបើបង្ហៀរ៧មករា កម្ពស់០,៧៣ ម៉ែត្រ (ប្រហាក់ប្រហែលនឹងជំនន់កាលពីខែកក្កដាកន្លងទៅ) និងកំពុងបន្តឡើងសន្សឹមៗបន្ថែមទៀត។
មន្ត្រីជំនាញក្រសួងធន់ធានទឹកនិងឧត្តុនិយមបានបញ្ជាក់ថា៖ប៉ុន្តែសភាពការណ៍ជំនន់នេះ យើងអាចគ្រប់គ្រងបានទាំងស្រុង មិនមានបញ្ហាអ្វីទេ ហើយមានការហូរច្រោះតួទំនប់សណ្តរស្ទឹង៣កន្លែង តែយើងបានធ្វើការជួសជុលរួចរាល់អស់ហើយ។គួរបញ្ជាក់ថា៖កាលពីថ្ងៃទី២២និង២៣កក្ដដាកន្លងទៅភូមិចំនួន៦ នៅសង្កាត់សាក់ សំពៅ ខណ្ឌដង្កោទទួលរងការលិចលង់ដោយទឹកជំនន់ហើយ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដាអភិបាលរាជធានីភ្នំពេញបានអញ្ជើញទៅពនិត្យស្ថានភាពជាក់ស្ដែងនិងដោះស្រាយជាក់ស្ដែង៕