គំនិតបញ្ញវ័ន្ដ ៖ កុំមើលងាយ ភាពស្ងប់ស្ងៀម
ភ្នំពេញ ៖ ពាក្យចាស់លោកបាននិយាយថា ទឹកដែលស្ថិតនៅនឹងមិនមែនមានន័យថា គ្មានត្រីឬគ្មានសត្វសាហាវ នៅក្នុងនោះទេ ជួនកាលនៅក្នុងជម្រៅនៃទឹកនោះ ពោរពេញដោយសត្វសាហាវ ជាច្រើនប្រភេទទៀត ។
គេក៏ធ្លាប់និយាយដែថា បើឃើញខ្លាដេក តិចលោច្រឡំថាខ្លាសំពះនោះ ខុសហើយ ។ អញ្ចឹងហើយទើបសុភាសិតបរទេសមួយឃ្លា បាននិយាយថា “ការដែលនៅស្ងៀម មិនមែនមានន័យថាទទេស្អាតនោះទេ តែពោរពេញទៅដោយចម្លើយ😠Silence Isn’t Empty. It is Full of Answers) “។
អញ្ចឹងហើយបានជាគេតែងតែ ចាត់ទុកថាភាពស្ងប់ស្ងាត់ របស់មនុស្ស គឺជារឿងដែលគួរឲ្យខ្លាចបំផុត ។
មនុស្សដែលខ្លាំង មនុស្សដែលល្បីល្បាញតែងតែស្ថិតក្នុងភាពស្ងប់ស្ងាត់ តែរឿងពិតខាងក្នុងវិញនោះ ខួរក្បាលរបស់គាត់ ពោរពេញដោយចំណេះដឹង និយាយឲ្យចំគឺពោរពេញ ដោយចម្លើយដ៏ត្រឹមត្រូវ រាប់សិបលានចម្លើយ ។ អញ្ចឹងហើយទើបគេថា អ្នកដែលនៅស្ងៀម មិនមែនមានន័យថាទទេស្អាតនោះទេ គឺក្នុង
ខ្លួនពោរពេញដោយចម្លើយ ។
ដូចពាក្យចាស់លោកតែងតែនិយាយថា “កោក ៗ សឹកមាត់ត្រដោក ឆ្អែតពោះក្របី” ត្រដោក ដែលគេបំពាក់នៅនឹង ក ក្របីនៅតែងឮ រហូតតែការឮ របស់ត្រដោកបានត្រឹមតែសឹកប៉ុណ្ណោះ ។ ចំពោះសត្វក្របី ដែលស្ថិតក្នុងភាពស្ងប់ស្ងាត់នោះ ខិតខំដើររកស្មៅស៊ី ទីបំផុតសត្វក្របីដ៏ស្ងៀមស្ងាត់នោះ បានចំណីឆ្អែតពេញពោះ ។
ប្រៀបដូចជាស្គរអញ្ចឹងដែរ ពេណាគេលើកអន្លូងវាយវានោះ វានឹងបញ្ចេញសម្លេងឮ ២ ឬ៣ភូមិឯណោះ ។ ភាពអំណួតរបស់ស្គរ គឺពេលណាគេយកអន្លូងទូងវានោះ វាបញ្ចេញសម្លេងបង្អួតយ៉ាងព្រហើន តែតាមពិតទៅស្គរ គ្មានគ្រឿងក្នុងទេ គឺប្រហោងធ្លុងតែម្ដង ។ ប្រៀបដូចជាសត្វរៃ ដែលដើរច្រៀងរាំសប្បាយ តែទីបំផុតទៅ សុំចំណីស្រមោច បំពេញក្រពះប៉ុណ្ណោះ ។
ភាពស្ងប់ស្ងាត់ មិនមែនជាភាពកំសោយនោះទេ តែការឡូឡានោះទេ ដែលបង្ហាញពីចោលម្សៀតនោះ ។ មនុស្សត្រូវរក្សា នូវភាពស្ងប់ស្ងាត់នោះ ទើបប្រសើរជាង ៕