ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល១សប្តាហ៍

461

 

ភ្នំពេញ ៖ លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល១សប្តាហ៍កន្លងទៅនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់នាពេលកន្លងមកថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឱ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដទ្ទាទោសតាមផ្លូវច្បាប់។

ពេលនេះបញ្ជាក់ការពិត អំពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ អនុវត្តតាមទិសស្លោក ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។

ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើប អង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រព្រឹត្តល្មើស។

បុគ្គលសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី អត្តលេខ១៥៩២១៨ ឋានន្តរសក្តិ អនុសេនីយ៍ទោ មុខងារ សមាជិកនៃកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ សូមគោរពជម្រាបជូន ដល់សាធារណជន ឲ្យបានជ្រាបថា ÷
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុន បុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សហការជាមួយ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនស្ស័យឈ្មោះ ស៊្រន ពេជ្យរស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហឹង្សានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លើអតីតប្រពន្ធរបស់ខ្លួន ដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល១សប្តាហ៍កន្លងទៅនេះ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំនុចផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយពេលនេះជនសង្ស័យ បាននាំខ្លួនមក កងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ឱ្យដឹងថា នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី បានយកកាំបិតចុងស្រួច កាប់ទៅលើប្រពន្ធដែលបានលែងលះគ្នា តាមសាលក្រមលេខ១៨(ក)ចុះថ្ងៃទី១៧-៥-២០២១ និងសំណុំរឿងរដ្ឋប្បវេណីលេខ៨០ ចុះថ្ងៃទី០៦-៤-២០២១របស់សាលាដំបូងខេត្តកំពង់ធំ ។ បណ្តាលឱ្យរបួសចំនួន៥កន្លែង (ដៃឆ្វេង២កន្លែង ,ដៃស្តាំ២កន្លែង និងកញ្ចឹងក១កន្លែង) ។ មូលហេតុប្រច័ណ្ឌ ដោយខឹងប្រពន្ធសុំលែង។ ក្រោយពីទទួលបានព័ត៌មាន ម៉ោង៧និង៥០នាទីថ្ងៃទី២៣ ឧសភា ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានតាមចាប់ឈ្មោះ ស្រ៊ន ពេជ្ររស្មី ដែលរត់គេចខ្លួនចូលព្រៃចម្ការ ហើយដោយភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ជាតំបន់សំបូរទៅដោយចម្ការស្វាយចន្ទីរ ចម្ការកៅស៊ូ និងព្រៃរបោះ ធ្វើឱ្យជនល្មើសគេចខ្លួនបាត់ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង