ការប្រឡងបាក់ឌុបបានបញ្ចប់ដោយជោគជ័យ, បេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន៧ករណី
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់អំពី ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយមានកិច្ចសហការយ៉ាងល្អ ពីសំណាក់អ្នកពាក់ព័ន្ធពីគ្រប់ស្ថាប័នទាំងអស់។
សេចក្តីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា ការដឹកជញ្ជូន និងរៀបចំទុកដាក់សន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដោយប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំរាជធានី-ខេត្តនីមួយៗ ដោយមានការចូលរួមពីមន្ត្រីសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ ហើយបានដឹកជញ្ជូនមករក្សាទុកនៅតាមសាលាខេត្តនីមួយៗ យ៉ាងមានសុវត្ថិភាព រង់ចាំដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
ដោយឡែកសន្លឹកកិច្ចការនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ត្រូវបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រោមការចុះត្រួតពិនិត្យផ្ទាល់ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh។
ក្រសួងអប់រំបានបញ្ជាក់ថា ដំណើរការប្រឡងរយៈពេលពីរថ្ងៃមកនេះ បេក្ខជនអវត្តមានសរុបចំនួន១៨៩៩នាក់ ស្រី៧៤៤នាក់ ត្រូវជា១,៦៥ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។ មុខវិជ្ជាប្រឡងមានចំនួន៧ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ ថ្នាក់វិទ្យាសាស្ត្រមានមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា ដោយឡែកថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។
ដំណើរការសំណេរទាំងពីរថ្ងៃ មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ មានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច ទោះបីនៅតាមបណ្ដាខេត្តមួយចំនួន មានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ ទន្ទឹមនេះ គ្រប់ភាគីពាក់ព័ន្ធបានផ្ដល់កិច្ចសហការយ៉ាងល្អ រួមមានអាជ្ញាធរដែនដី អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា កងកម្លាំងមានសមត្ថកិច្ច មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់។
បើតាមក្រសួងអប់រំ បេក្ខជនបានគោរពបទបញ្ញត្តិ នៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន៧ករណី ក្នុងនោះករណីដកហូតទូរស័ព្ទមាន៥ករណី និងនាំសំណៅឯកសារចូលមាន២ករណី។ គណៈមេប្រយោគប្រព្រឹត្តកំហុសឆ្គងដោយទុកជាប់ខ្លួន និងប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងមណ្ឌលសំណេរចំនួន៥ករណី។ ដោយឡែកបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន៦៤ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ក្នុងនោះមាន៥ករណី ពុំអាចត្រឡប់មកបន្តការប្រឡងបាន។
ការដឹកជញ្ជូន និងរៀបចំទុកដាក់សន្លឹកកិច្ចការ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ត្រូវបានប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំរាជធានី-ខេត្តនីមួយៗ និងដោយមានការចូលរួមពីមន្ត្រីសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ ដឹកជញ្ជូនមករក្សាទុកនៅតាមសាលាខេត្តនីមួយៗ យ៉ាងមានសុវត្ថិភាព រង់ចាំដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
សូមជម្រាបថា លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន១១៥.២៦៨នាក់ ស្រី៥៨.១៥៨ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៦មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៩៩មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៩៧មណ្ឌល ត្រូវជា៤.៦៥៥បន្ទប់ ទូទាំងប្រទេស។
សកម្មភាពនៃការរៀបចំវេចខ្ចប់ ចុះហត្ថលេខា នៅលើកញ្ចប់សន្លឹកកិច្ចការរបស់បេក្ខជននៅតាមមណ្ឌលប្រឡង។ បន្ទាប់ពីការបញ្ចប់ដំណើរការសំណេរនៅថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ប្រធាន-អនុប្រធានមណ្ឌល ដោយមានការចូលរួមពីមន្ត្រី អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងបានយកទៅផ្ញើនៅកន្លែងដែលមានសុវត្ថិភាពបំផុតនៅសាលាខេត្ត។
ចំណែកបរិយាកាសទូទៅនារសៀលថ្ងៃទី២ ក្រោយពេលបញ្ចប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ៖ ២០ សីហា ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ ។
ចំណែកបេក្ខជនដែលបានចេញពីការប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕