នគរបាលរកឃើញ អ្នកបើកបររថយន្តមួយចំនួន នៅតែប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងគ្មានប័ណ្ណបើកបរ
ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវដល់បណ្តាក្រុមហ៊ុនដឹងជញ្ជូនអ្នកដំណើរ និងទំនិញទាំងអស់ ត្រូវរឹតបន្តឹងដល់អ្នកបើកបររបស់ខ្លួនបន្ថែមទៀត ស្របពេលដែលអ្នកបើកបរមួយចំនួន នៅតែប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងគ្មានប័ណ្ណបើកបរខ្វះការប្រុងប្រយ័ត្ន បង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនដឹកអ្នកដំណើរ ប្រមាណ១០០នាក់ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា តាមការត្រួតពិនិត្យនៅរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ នៅតែឃើញមានអ្នកបើកបររថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញធំៗ នៅប្រើប្រាស់សារធាតុញៀន និងគ្រឿងស្រវឹងនៅពេលបើកបរដដែល ដូច្នេះថ្នាក់ដឹកនាំក្រុមហ៊ុនគប្បីត្រួតពិនិត្យពួកគាត់ឲ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះគួរឲ្យព្រួយបារម្ភ។
លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្តទៀតថា មានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរខ្លះ បើកបរល្មើសច្បាប់ ហើយបានប្រើប្រាស់នូវសារធាតុញៀន ប៉ុន្ដែបុគ្គលទាំងនោះ ត្រូវបានអាជ្ញាធរធ្វើការឃាត់ខ្លួន ហើយជនល្មើសខ្លះ ក៏ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមច្បាប់។
នាយឧត្តមសេនីយ៍ បានស្នើដល់តំណាងក្រុមហ៊ុនទាំងអស់ ត្រូវរាយការណ៍ជូនថ្នាក់លើ ប្រសិនបើនៅមាននគរបាលណាមួយដាក់ខែយកលុយជាមួយក្រុមហ៊ុនទាំងនោះ ដើម្បីជាថ្នូរមិនឆែកឆេរ និងធ្វើការផាកពិន័យ ពេលដែលអ្នកបើកបរទាំងនោះបានប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍នោះ។
បើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា នៅក្នុងរយៈពេល៦ខែឆ្នាំ២០១៨នេះ ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យយានយន្តចំនួន៦៥៥.៣៣១គ្រឿង ក្នុងនោះ ម៉ូតូចំនួន៥៧ភាគរយ។
របាយការណ៍បានបន្តទៀតថា យានយន្តល្មើសច្បាប់មានចំនួន៩៦.៤៨០គ្រឿង ស្មើនឹង១៥ភាគរយនៃយានយន្តសរុប ហើយក្នុងនោះ៥០,៩៥២គ្រឿងស្មើនឹង៥៣ភាគរយ ត្រូវបានផាកពិន័យដោយបានទឹកប្រាក់ចំនួន ជាងមួយពាន់ពីររយលានរៀលផងដែរ ក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ៕