ក្រុមមន្ត្រីបច្ចេកទេស រួមគ្នាដោះស្រាយបញ្ហាអ្នកញៀន គ្រឿងញៀន
ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា កម្ពុជាអាចគ្រប់គ្រងសភាពការណ៍គ្រឿងញៀនបានហើយ កត្តានាំមកនូវភាពជោគជ័យ គឺបានមកពីឆន្ទៈ ការប្តេជ្ញាចិត្ត និងការចូលរួមពីគ្រប់ផ្នែក និងគ្រប់វិស័យ ធ្វើសកម្មភាពព្រមគ្នាដោយការទទួលខុសត្រូវ ។
នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កិច្ចប្រជុំភាពជាដៃគូរវាងវិស័យសុខាភិបាលរដ្ឋអំណាចមូលដ្ឋាន និងមន្ត្រីអនុវត្តន៍ច្បាប់ក្នុងការអនុវត្តការ ព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ នៅខណ្ឌច្បារអំពៅ ត្រូវបានបើកក្រោមអធិបតី លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវត្តមានលោក វេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីតំណាងវិស័យសុខាភិបាល តំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ខណ្ឌច្បារអំពៅ សង្កាត់ទាំង៨ នៃខណ្ឌច្បារអំពៅ ចំនួនជិត១០០នាក់ ។
លោក ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានមានប្រសាសន៍ស្វាគមន៍ដល់អ្នកចូលរួមទាំងអស់ទាំងមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរដែនដីមូលដ្ឋាន វិស័យសុខាភិបាលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមតាមការអញ្ជើញដើម្បីរួមគ្នាដោះស្រាយបញ្ជូនអ្នកញៀនគ្រឿងញៀនឲ្យទៅទទួលការព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលពេទ្យជាតិ បង្អែក មណ្ឌលសុខភាព ។
លោក ជួប សុខចំរើន ប្រធានអង្គការខាណា បានថ្លែងថា រាជធានីភ្នំពេញ ខេត្តចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ក្រុងព្រះសីហនុ មានអត្រាប្រេវ៉ាឡង់មេរោគអេដស៍កម្រឹតខ្ពស់ក្នុងចំណោមទាំងអ្នកចាក់ និងអ្នកមិនចាក់គ្រឿងញៀន។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានប្រសាសន៍ថា ការប្តេជ្ញាចិត្ត ផ្តល់ទំនុកចិត្តដល់អ្នកញៀនគ្រឿងញៀននិង ភាពស៊ីសង្វាក់រវាងវិស័យសុខាភិបាល មន្ត្រីអនុវត្តច្បាប់ អាជ្ញាធរមូលដ្ឋាន ក្រមសីលធម៌វិជ្ជាជីវ:ជាកត្តាចាំបាច់សម្រាប់ជម្រុញអ្នកញៀនគ្រឿងញៀនឲ្យទៅទទួលយកសេវាព្យាបាលដោយស្មគ្រ័ចិត្តដោយផ្អែកលើសហគមន៍នៅតាមមូលដ្ឋានសុខាភិបាល។
លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រសាសន៍ថា បញ្ហាគ្រឿងញៀនលើពិភពលោកមិនមានសញ្ញាថមថយទេប៉ុន្តែកម្ពុជាអាចគ្រប់គ្រងសភាពការណ៍គ្រឿងញៀនបានហើយ ។ លោកបានបន្ថែមថា កត្តានាំមកនូវភាពជោគជ័យ គឺបានមកពីឆន្ទៈ ការប្តេជ្ញាចិត្តនិងការចូលរួមពីគ្រប់ផ្នែក និងគ្រប់វិស័យ ធ្វើសកម្មភាពព្រមគ្នាដោយការទទួលខុសត្រូវ ។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា ការចាត់បញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលយកសេវាព្យាបាលបានកាន់តែឆាប់គឺជួយគាត់ឲ្យត្រឡប់មករកស្ថានភាពល្អដូចដើម និងបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ ៕