រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដីលើកព្រះបដិមាឧមាមហេស្វរ នៅរង្វង់មូល និងរូបសំណាកសីហរាជមុខបី នៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញប្រារព្ធពិធីក្រុងពលី សុំម្ចាស់ទឹកម្ចាស់ដីលើកព្រះបដិមា ឧមាមហេស្វរ នៅរង្វង់មូល មានទីតាំងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ និងរូបសំណាកសីហរាជមុខបី នៅសួនច្បារមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
សូមជម្រាបជូនថា រង្វង់មូលនេះ ស្ថាបនាអស់រយៈពេល ៦ខែ ហើយថ្ងៃនេះរដ្ឋបាលខេត្តបាន រៀបចំក្រុងពលីបួងសួងសុំសេចក្តីសុខ លើកព្រះបដិមា ឧមាមហេស្វរ សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៧.៥០ម៉ែត្រ និងរូបសំណាកសីហរាជមុខបី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់១០.៩៤ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៦.៣៦ ម៉ែត្រ ហើយរូបសំណាកនេះ ផលិតដោយស្នាដៃកូនខ្មែរ។
ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារ បច្ចេកទេសត្រូវធ្វើកែ សម្រួលសួនច្បារមុខ រោងចក្រស្រាបៀរអង្គរ ឱ្យមានសោភ័ណភាព បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមក ពីបណ្តារាជធានីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលមកលេងកម្សាន្ត កាន់តែច្រើនឡើងថែមទៀត៕