ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងសមត្ថភាព​ មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ តាមរយៈគម្រោង​ CPI​ របស់រដ្ឋាភិបាល​អូស្ត្រាលី

74


​ភ្នំពេញ​ ៖​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​លើក​ឡើងប្រាប់ដល់ រដ្ឋាភិបាល​អូស្ត្រាលី​ មន្ត្រី​ស្ថានទូត​អូស្ត្រាលី​ថា​ គម្រោង​ការងារ​នគរបាល​ និង​សហគមន៍​ (CPI)​ ក្រោយការជួយឧបត្ថម្ភពីរដ្ឋាភិបាល​អូស្ត្រាលី បាន​ជួយ​បង្កើន​ និង​ពង្រឹងសមត្ថភាព​ ដល់​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ព្រមទាំង​ឥរិយាបថ​ ទំនាក់ទំនង​ការងារ​ ជា​ពិសេស​ការ​បម្រើសេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ។​

​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​លើក​ទី​៤​ គណៈកម្មការ​ដឹកនាំ​គម្រោង​ការងារ​នគរបាល​ និង​សហគមន៍​នា​រសៀល​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៨​លោក នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​អនុវត្ត​គម្រោង​នេះ​បាន​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​មន្ត្រី​នគរបាល​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ បាន​ល្អ​ប្រសើរ​ច្រើន​ ជា​ពិសេស​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ។​ លោកបាន​ប្រសាសន៍​បន្ត​ទៀត​ថា​ តាម​រយៈ​គម្រោង​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ ក៏​ដូច​ជា​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បន្ថែម​ការ​យកចិត្តទុកដាក់​ គាំទ្រ​ទាំង​សម្ភារ ថវិកា​សម្រាប់​បម្រើ​ការ​ដល់​ការងារ​មន្ត្រី​នគរបាល​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្នុង​នោះ​ដែរ​ថ្មីៗ​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ប្រគល់​ម៉ូតូ​ ១​គ្រឿង​ សម្រាប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទូ​ទាំង​ប្រទេស​ផង​ដែរ​ ។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ លោក​នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ រដ្ឋាភិបាល​អូស្ត្រាលី​ មន្ត្រី​ស្ថានទូត​អូស្ត្រាលី​ ដែល​បាន​សម្របសម្រួល​ និង​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារ​ ថវិកា​ ដល់​គម្រោង​នេះ​ផង​ដែរ​ និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ សហការី​ គម្រោង​ និង​មន្ត្រី​នគរបាល​នៃ​នាយកដ្ឋាន​នគរបាល​កិច្ចការ​ប៉ុស្តិ៍​រដ្ឋបាល​ ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​អនុវត្ត​គម្រោង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ ។​

លោក​ នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ បាន​បញ្ជាក់​ដែរ​ថា​ ឆ្នាំ​ទី​២​ នៃ​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ ហើយ​គម្រោង​បាន​បន្ត​ ឆ្នាំ​ទី​៣​ ដែល​មាន​រយៈពេល​មួយ​ឆ្នាំ​ (​ខែកក្កដា​ ឆ្នាំ​២០១៨​ ដល់​ខែមិថុនា​ ឆ្នាំ​២០១៩)​ ហើយ​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​គម្រោង​ ។ ទោះបីជា​គម្រោង​ត្រូវ​បាន​បញ្ចប់​ ឬ​ក៏​នៅ​បន្ត​ទៀត​ក៏​ដោយ​ លោកនឹង​បន្ត​និរន្ត​ភាព​ការងារ​នេះ​ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ត​ទៀត​ផង​ដែរ​ ព្រោះថា​គម្រោង​ការងារ​នគរបាល​ និង​សហគមន៍​នេះ​ ស្រប​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ និង​ជា​ពិសេស​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង