ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រម កោះហៅលោក សម រង្ស៊ី ចូលបំភ្លឺរឿងប្រមាថព្រះមហាក្សត្រ , មានដីការកោះច្រើនមកហើយ តែលោកមិនដែលចូលខ្លួន

103


ភ្នំពេញ៖ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ចូលបំភ្លឺនៅតុលាការ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសប្រមាថព្រះមហាក្សត្រ។ ពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងទៅ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ចេញដីកាកោះហៅ លោក សម រង្ស៊ី ឲ្យចូលបំភ្លឺជាច្រើនដងមកហើយ ប៉ុន្តែលោក សម រង្ស៊ី ពុំដែលចូលខ្លួនបំភ្លឺតាមដីការកោះហៅនោះទេ។

ដីការបស់ចៅក្រមស៊ើបសួរ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ យក ទៅបិទនៅទីស្នាក់ការកណ្តាលរបស់ អតីតគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្នុងដីកាចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ទៅក្រៅប្រទេស ត្រូវចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ​ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៨ តាមការកំណត់ ដើម្បីសាកសួរំពីដំណើររឿង ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងកន្លែងផ្សេងទៀត កាលពីថ្ងៃទី៦ ទី៧ និងទី១០ ខែមិថុនា ​ឆ្នាំ២០១៨។ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៧(ស្ទួន) នៃក្រមព្រហ្មទណ្ឌ។ សាមីខ្លួន ត្រូវយកឯកសារផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើនេះ ទៅជាមួយផងប្រសិនបើមាន។

កាលពីខែមិថុនា លោកសម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រ ជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដានោះ គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ។

ការប្រមាថរបស់ លោក សម រង្ស៊ី បែបនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាគណបក្សនយោបាយ និងប្រជាពលរដ្ឋកម្ពុជា។ បើតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា “ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធ នឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ”៕

អត្ថបទដែលជាប់ទាក់ទង