អាជ្ញាធរខណ្ឌដូនពេញ ដាក់ចេញគោលការណ៍បញ្ឈប់ការដាក់តាំង លក់រថយន្ត នៅលើទ្រូងផ្លូវ និង ជញ្ជើមផ្លូវសាធារណៈ
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ ចេញសេចក្តីជូនដំណឹង ដាក់ចេញគោលការណ៍ ៣ចំណុចដើម្បីបញ្ឈប់ការដាក់តាំង លក់រថយន្ត នៅលើទ្រូងផ្លូវ និង ជញ្ជើមផ្លូវសាធារណៈ ក្នុងមូលខណ្ឌដូនពេញ ។
ការបញ្ឈប់ការដាក់តាំងលក់រថយន្តនេះយោងតាម សេចក្ដីណែនាំលេខ ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌដូនពេញ កន្លងមកបានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ។ ប៉ុន្តែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌ បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានយករថយន្តមកដាក់តាំងលក់នៅលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្ដាលឱ្យមាន ការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង។
ដូច្នេះរដ្ឋបាលខណ្ឌដូនពេញ សូមជូនដំណឹងដល់លោក-លោកស្រី ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងជាប្រយោជន៍សាធារណៈ រដ្ឋបាលខណ្ឌដូនពេញ សម្រេចដាក់ចេញ ជាគោលការណ៍ដូចខាងក្រោម៖
១.មិនអនុញ្ញាតឱ្យមានការដាក់តាំងលក់ និងចតរថយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ជាដាច់ខាតចាប់ពីពេលនេះតទៅ។ ២.រដ្ឋបាលខណ្ឌដូនពេញទុករយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២១ ដើម្បីឱ្យលោក-លោកស្រីយករថយន្ត ចេញពីទីតាំងខាងលើនេះជាកំហិត។ ៣.ក្នុងករណី លោក-លោកស្រី នៅតែមិនអនុវត្តតាមសេចក្ដីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាល ខណ្ឌដូនពេញទេ នោះរដ្ឋបាលខណ្ឌដូនពេញ នឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវ រាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិលោក-លោកស្រីឡើយ៕