ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី គ្រោងនឹងពង្រីកវិសាលភាព នៃការលក់ដូរ នៅផ្សាររដ្ឋទាំង២៥ ឱ្យបានទូលំទូលាយជាងមុន នៅប៉ុន្មានថ្ងៃទៀតនេះ

365

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងពង្រីកវិសាលភាព នៃការលក់ដូរនៅតាមផ្សាររដ្ឋទាំង២៥ ឱ្យបានទូលំទូលាយជាងមុន ក្រោយពីផ្សាររដ្ឋនានា នៅទូទាំងរាជធានីភ្នំពេញ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ខណៈបានបើកឱ្យដំណើរការ ប្រមាណ២សប្តាហ៍ហើយនោះ បើទោះបីនៅតាមបណ្ដាលរោងចក្រ សហគ្រាសមួយចំនួន នៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ។

នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ នៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៨ខែមិថុនាម្សិលម៉ិញ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ផ្សាររដ្ឋទាំង២៥ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចឱ្យបើកឲ្យដំណើរការ លក់ដូរឡើងវិញ ប្រមាណ២សប្ដាហ៍កន្លងមកហើយ ដោយលក់ជាគ្រឿងឧបភោគបរិភោគ ត្រី សាច់ជាដើម ។ ប៉ុន្តែមកដល់ពេលនេះ ពោលគឺក្រោយពីបើកឲ្យដំណើរការឡើងវិញនោះ ឃើញថានៅតាមផ្សាររដ្ឋទាំង២៥ មិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នោះទេ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកវិសាលភាព នៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា ៖ មុននៃការបើកវិសាលភាព ផ្សារឱ្យបានទូលំទូលាយជាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកោះប្រជុំជាមួយ នឹងគណៈកម្មការផ្សារទាំង២៥ជាមុនសិន ដើម្បីពិនិត្យលទ្ធភាព ថាតើយើងគួតែពង្រីកវិសាលភាពផ្សារ ឱ្យបានក្នុងកម្រិតណា  ។ ក្រោយពីមានការប្រជុំពិភាក្សាគ្នាហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដើម្បីជម្រាបជូនទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណៈជន ឱ្យបានជ្រាបជាព័ត៌មាន ដោយសារតែប្រជាពលរដ្ឋភាគច្រើនបំផុត ហើយបានចេះការពារខ្លួន ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល និងការអនុវត្ត៣កុំ៣ការពារបានល្អ មានន័យថា ពួកគាត់ចេះរស់នៅក្នុងបរិបទថ្មី កូវីដ-១៩ហើយ៕

អត្ថបទដែលជាប់ទាក់ទង