ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញថា៖ ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នឹងបញ្ចប់នៅថ្ងៃទី៨ខែកក្កដាខាងមុខ

303

 

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថានៅ រាជធានីភ្នំពេញនឹងបញ្ចប់ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី៨ខែកក្កដាខាងមុខ ខណៈដែលការចាក់ជូនពលរដ្ឋដែលមានអាយុ ចាប់ពី ១៨ ឆ្នាំឡើង បានចំនួន ១១ ខណ្ឌហើយ ក្នុងចំណោមខណ្ឌទាំង ១៤ ដោយខណ្ឌខ្លះបានចាក់រួចរាល់ និងខណ្ឌខ្លះទៀត កំពុងដំណើរការចាក់យ៉ាងមមាញឹកពីសំណាក់ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី។

ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៨ខែមិថុនានេះនៅសាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេង បានធ្វើឡើងថា ៖សម្រាប់រាជធានីភ្នំពេញ យើងនឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅ ត្រឹមថ្ងៃទី៨ខែកក្កដាខាងមុខនេះហើយ បន្ទាប់ពីនេះក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា នឹងបន្តយកវ៉ាក់សាំងនេះ ទៅចាក់ជូនប្រជាពលរដ្ឋ នៅតាមបណ្តាលខេត្តផ្សេងៗទៀត សំដៅធ្វើយ៉ាងណា ដើម្បីឱ្យពលរដ្ឋកម្ពុជាទាំងអស់ គេចផុតបាននូវកាេរីករាលដាល នៃជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨មិថុនានេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ បានជាង១លាន៥សែននាក់ រួចហើយ។

គួររំលឹកដែរថា៖កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែល ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ដូសទី១ នៅខណ្ឌទាំង៣ខាងលើនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ ខណៈដូសទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញទីតាំង និងលេខទូរស័ព្ទអ្នកសម្របសម្រួល សម្រាប់ប្រជាពលរដ្ឋធ្វើការទំនាក់ទំនង ពាក់ព័ន្ធការចាក់វ៉ាក់សាំងនៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលមានសរុប១៤ទីតាំង៕

អត្ថបទដែលជាប់ទាក់ទង