ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម អំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន ក្នុងការទប់ស្កាត់ និងបង្ការអគ្គិភ័យ

86


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងការបង្ការអគ្គិភ័យ បើទោះបីជារាជរដ្ឋាភិបាល បានបន្ថែមរថយន្តពន្លត់អគ្គិភ័យ ជាបន្តបន្ទាប់នៅតាមរាជធានីខេត្តយ៉ាងណា ក៏ដោយ។

ថ្លែងនៅក្នុងពិធីប្រគល់រថយន្តពន្លត់ អគ្គិភ័យប្រមាណ៨៧គ្រឿង ដល់គ្រប់ស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះនៅក្រសួងមហាផ្ទៃសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បើទោះបីជារាជរដ្ឋាភិបាល បានបង្កើននូវរថយន្តពន្លត់អគ្គិភ័យ ជាបន្តបន្ទាប់នៅតាមរាជធានីខេត្ត យ៉ាងណាក៏ដោយក៏បងប្អូនប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែសឡើយ ចំពោះអគ្គិភ័យនេះ ពីព្រោះថាអាជ្ញាធរ ឬមន្រ្តីជំនាញ មិនប្រាកដថាអាច នឹងជួយបានទាន់ចិត្តនោះដែរ ។

សម្តេចបានលើកឡើងទៀតថា ការបង្កើនការប្រុងប្រយ័ត្ន គឺជាកត្តាសំខាន់បំផុត ដើម្បីជៀសវាងកុំឲ្យអគ្គិភ័យ វាកើតឡើងដែលវាអាចបង្ករឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត​ ក៏ដូចជា ទ្រព្យសម្បត្តិរបស់បងប្អូន ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយនៅ ក្នុងពិធីប្រគល់នោះ សម្តេចក្រឡាហោម ក៏បានព្រមាន ដល់មន្រ្តីជំនាញពន្លត់អគ្គិភ័យទាំងអស់ មិនត្រូវធ្វើអ្វីឲ្យហួសវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

សម្តេចបានសង្កត់ធ្ងន់ថា យើងមិនអាចយកឡានរដ្ឋទៅរកស៊ីឲ្យខុសវិជ្ជាជីវៈទេ ហើយមិនត្រូវគំរាមពួកគាត់ ជាថ្នូរនឹងការបាញ់ពន្លត់នូវអគ្គិភ័យ ពេលដែលផ្ទះរបស់ពួកគាត់ កំពុងតែឆេះបានទេ ប៉ុន្តែប្រសិនបើយើង ធ្វើបានជោគជ័យ ហើយពួកគាត់ផ្តល់ជូន ដើម្បីលើកទឹកចិត្ត យើងអាចយកបាន ពីព្រោះវាជាការតបស្នងរបស់ពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង