ជំរុញការអនុវត្ត គោលនយោបាយជាតិ ប្រជាជនវ័យចាស់ ២០១៦-២០៣០
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការជំរុញការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ប្រជាជនវ័យចាស់កម្ពុជា នាសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម។។
លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានថ្លែងឲ្យដឹងថា ប្រជាជនវ័យចាស់នៅក្នុងប្រទេសកម្ពុជា នឹងកើនដល់៩,៣ភាគរយ នៅឆ្នាំ២០២៣ ហើយការកើននេះ នឹងឈានដល់១១,៥ភាគរយ នៅឆ្នាំ២០៣០ ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ដំណើរឆ្ពោះទៅរកប្រជាជនវ័យចាស់ ជាបាតុភូតប្រជាសាស្ត្រមួយ ដែលប្រទេសអភិវឌ្ឍន៍ លើពិភពលោកបានឆ្លងកាត់ និងដែលប្រទេស កំពុងអភិវឌ្ឍន៍ជាច្រើនចាប់ផ្តើមជួប រួមទាំងកម្ពុជាផង។ ដំណើរឆ្ពោះទៅរកប្រជាជនវ័យចាស់ គឺជាការប្រែប្រួលប្រជាសាស្ត្រ នាចុងអន្តរកាលប្រជាសាស្ត្រ ដែលសមាមាត្រប្រជាជនវ័យចាស់ អាយុ៦០ឆ្នាំឡើង កើនឡើងយ៉ាងលឿន នៅពេលដែលប្រជាជន ក្នុងវ័យកំពុងធ្វើការងារបច្ចុប្បន្នចាប់ផ្តើមចូលនិវត្តន៍ គួបផ្សំនឹងការមានកូនតិច និងការកើនឡើង នៃអាយុកាលសង្ឃឹមរស់។ ប្រជាជនវ័យចាស់នៅកម្ពុជា មានចំនួន៥ភាគរយនៅឆ្នាំ១៩៩៨ ។ ៦ភាគរយនៅឆ្នាំ២០០៨។ ៧,៦ភាគរយនៅឆ្នាំ២០១៨ និងឈានទៅ ៩,៣ភាគរយនៅឆ្នាំ២០២៣ និងឆ្នាំ២០៣០ មាន១១,៥ ភាគរយ។ បាតុភូតនេះ មិនត្រឹមតែជះឥទ្ធិពលទៅលើមនុស្សវ័យចាស់ខ្លួនឯងទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលទៅលើគ្រប់វិស័យទាំងអស់ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទាំងមូល ដោយហេតុថាវ័យចាស់ ជាវ័យដែលភាពសកម្មសេដ្ឋកិច្ច ចាប់ផ្តើមថយចុះឆ្ពោះទៅរកចំណុចអប្បបរមា ស្របពេលដែលតម្រូវការការផ្គត់ផ្គង់ និងការថែទាំចាប់ផ្តើមកើនឡើង ឆ្ពោះទៅរកចំណុចអតិបរមា។ ការឈានចូលវ័យចាស់ប្រកបដោយសក្តានុពល គឺជាភាគលាភប្រជាសាស្ត្រទី២ ដែលក្នុងស្ថានភាពនោះ មនុស្សចាស់ជាធនធានបង្គោលជាជាងបន្ទុក។
លោករដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ ដោយឈរលើមូលដ្ឋានចំនួនមួយនៃ គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ សំដៅត្រៀម និងរៀបចំដោះស្រាយបញ្ហា ដែលកំពុងនិងដែលនឹងកើតមាន និងផ្តល់ការតម្រង់ទិស ដល់វ័យសកម្មការងារ អំពីដំណើរឈានទៅរកវ័យចាស់ ប្រកបដោយសក្តានុពលនៅកម្ពុជា៕