ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

OHCHR-Cambodia ស្វាគមន៍ចំពោះការដោះលែងសកម្មជនសិទ្ធិដីធ្លី និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី

221


ភ្នំពេញ៖ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) បានចេញសេចក្តីប្រកាសស្វាគមន៍ចំពោះការដោះលែង សកម្មជនសិទ្ធិដីធ្លី លោកស្រី ទេព វន្នី និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូបគឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។

បើយោងតាមហ្វេសប៊ុកផ្លូវការ របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា​ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា “ការិយាល័យឧត្តមស្នងការទទួលបន្ទិកសិទ្ធិមនុស្ស ប្រចាំកម្ពុជា (OHCHR-Cambodia) សូមស្វាគមន៍ចំពោះការដោះលែងសកម្មជនសិទ្ធិដីធ្លី និងលំនៅដ្ឋាន អ្នកស្រី ទេព វន្នី កាលពីថ្ងៃចន្ទ និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺ លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ កាលពីម្សិលមិញ។ អ្នកស្រី វន្នី ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ ២០១៦ នៅពេលអ្នកស្រីបានធ្វើបាតុកម្ម ដោយសន្តិវិធី ដើម្បីសុំឲ្យមានការដោះលែង អ្នកការពារសិទ្ធិមនុស្សដទៃទៀត។ ទាំងឧត្តមស្នងការ និងអ្នករាយការណ៍ពិសេស បានអំពាវនាវជាសាធារណៈ ឲ្យមានការដោះលែងអ្នកស្រី។ អ្នកស្រីត្រូវបានលើកលែងទោស ដោយព្រះមហាក្សត្រ។ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ក្រោមបទចោទអំពីចារកម្ម និងទទួលបានការធានាឲ្យនៅក្រៅឃុំ កាលពីថ្ងៃអង្គារ៍”។

ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា ការវិវឌ្ឍថ្មីៗនេះ គឺជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ។ យើងសង្ឃឹមថា អ្នកដទៃទៀតដែលត្រូវបានជាប់ឃុំ ដោយសារតែពួកគេ អនុវត្តសិទិ្ធមនុស្សរបស់ពួកគេនោះ ក៏នឹងត្រូវដោះលែងផងដែរ រាប់ទាំង អតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ផងដែរ ដែលការឃុំខ្លួនរបស់លោក ត្រូវបានក្រុមការងាររបស់អង្គការសហប្រជាជាតិ ស្តីពីការឃុំខ្លួនដោយបំពាន នៅក្នុងសេចក្តីអធិប្បាយលេខ ៩/២០១៨ ដែលបានចេញផ្សាយនៅថ្ងៃទី ៥ ខែមិថុនា ចាត់ទុកថាជាការឃុំខ្លួនដោយបំពាន។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោះលែងសកម្មជនដីធ្លី សហគមន៍បឹងកក់ គឺអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារ ក្រោយជាប់ឃុំឃាំងនៅទីនោះអស់រយៈពេលប្រមាណ២ឆ្នាំ។
ជាមួយគ្នានេះ លោក អ៊ួន ឈិន និងលោក​ ​យាង សុធារិន​ ​ហៅ​យាង ​សុជាមេត្តា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងចេញពីពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង