ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ , ប្រាក់ពិន័យត្រូវកត់ត្រា ជាចំណូលថវិកា របស់ក្រសួងពាណិជ្ជកម្ម

240

 

ភ្នំពេញ ៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម កើត ឆែ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានរួមគ្នាចេញប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

បើតាមប្រកាសអន្តរក្រសួង សម្រេច ៖ ប្រកាសអន្តរក្រសួងនេះ កំណត់អំពីនីតិវិធី និងសិទ្ធិក្នុងការពិន័យអន្តរការណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

ប្រកាសអន្តរក្រសួងនេះ មានវិសាលភាពអនុវត្តចំពោះការពិន័យអន្តរការណ៍ លើអំពើល្មើសដែលមានចែង ក្នុងមាត្រា៤១ មាត្រា៤៤ មាត្រា៤៥ មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មានសមត្ថកិច្ចធ្វើការពិន័យ អន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

កម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវ បានកំណត់ទៅតាមប្រភេទអំពើល្មើសនីមួយៗ ដោយអនុលោមតាមមាត្រា៤១ មាត្រា៤៤ មាត្រា៤៥ មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. មានភារកិច្ចដូចតទៅ៖ ចេញកំណត់ត្រាស្តីពីបណ្ណពិន័យអន្តរការណ៍
, ចេញវិក្កយបត្របង់ប្រាក់ពិន័យអន្តរការណ៍ ទទួលប្រាក់ពិន័យអន្តរការណ៍ និងចេញបង្កាន់ដៃបង់ប្រាក់ឱ្យ បុគ្គលល្មើស ក្នុងករណីទទួលប្រាក់ពិន័យអន្តរការណ៍ ដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ គ្រប់គ្រងវិក្កយបត្រ បង្កាន់ដៃបង់ប្រាក់ និងប្រាក់ចំណូលពីការពិន័យអន្តរការណ៍, ចេញលិខិតជូនដំណឹងក្រើនរំលឹកចំពោះបុគ្គលល្មើស ឱ្យមកបង់ប្រាក់ពិន័យអន្តរការណ៍មិនឱ្យហួសកាលបរិច្ឆេទចុងក្រោយ ក្នុងករណីបុគ្គលនោះមិនបានបង់ប្រាក់ពិន័យក្នុងរយៈពេល១៥(ដប់ប្រាំ)ថ្ងៃ , កសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ជាធរមានទៅតុលាការមានសមត្ថកិច្ច ក្នុងករណីបុគ្គលល្មើសមិន បានបង់ប្រាក់ពិន័យអន្តរការណ៍ នៅក្នុងរយៈពេលកំណត់ដូចមានចែងក្នុងប្រការ៦។

បុគ្គលល្មើស អាចបង់ប្រាក់ពិន័យអន្តរការណ៍ជូនមន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. ភ្លាមៗ ឬ យ៉ាងយូរ៣០(សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃដែលសាមីខ្លួន ទទួលបានឯកសារពាក់ព័ន្ធនឹងការពិន័យអន្តរការណ៍ ពីមន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប.។ ក្នុងករណីបុគ្គលល្មើស មិនបានបង់ប្រាក់ពិន័យអន្តរការណ៍ និង មិនបានដាក់ពាក្យបណ្ដឹងតវ៉ា នៅក្នុងរយៈពេលកំណត់ នោះមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រូវកសាង សំណុំរឿងតាមនីតិវិធីជាធរមាន ទៅតុលាការមានសមត្ថកិច្ច។

មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. អាចបញ្ជូនលិខិតជូនដំណឹង និងឯកសារពាក់ព័ន្ធនឹងការ ពិន័យអន្តរការណ៍ទៅគេហដ្ឋាន ទីស្នាក់ការ ឬទីតាំងនៃការធ្វើធុរកិច្ចដោយផ្ទាល់ ឬតាមសំបុត្រអនុសិដ្ឋដោយមាន ចុះហត្ថលេខាបានទទួល។

ក្នុងករណីដែលបុគ្គលល្មើសបដិសេធមិនព្រមទទួលលិខិតជូនដំណឹង និងឯកសារពាក់ព័ន្ធនឹងការពិន័យ អន្តរការណ៍ ឬមិនមានម្ចាស់ ឬមិនមានតំណាងទទួលនោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបិទ សេចក្តីជូនដំណឹងពីការពិន័យអន្តរការណ៍នៅគេហដ្ឋាន ទីស្នាក់ការ ឬទីតាំងនៃការធ្វើធុរកិច្ច និងនៅសាលាឃុំ សង្កាត់។ បន្ទាប់ពីបានបិទផ្សាយរួច ឯកសារទាំងនោះត្រូវចាត់ទុកថាបានទទួលជាផ្លូវការដោយបុគ្គលល្មើស។

បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេច របស់មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. មានសិទ្ធិប្តឹង ទៅគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប.” ក្នុងរយៈពេល១៥(ដប់ប្រាំ)ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃ ទទួលបានសេចក្ដីសម្រេចរបស់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប.។ គ.ជ.ក.ប. ត្រូវសម្រេចលើបណ្តឹង តវាក្នុងរយៈពេល១៥(ដប់ប្រាំ)ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹងតវ៉ានោះ។

បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ គ.ជក.ប. មានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ច ក្នុង រយៈពេល៣០(សាមសិប)ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃទទួលបានសេចក្ដីសម្រេចរបស់ គ.ជក.ប។

ប្រាក់ពិន័យដែលបានមកពីការពិន័យអន្តរការណ៍ ត្រូវកត់ត្រាជាចំណូលថវិការបស់ក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយនូវខ្លឹមសារប្រកាសអន្តរក្រសួង នេះ និងត្រូវរៀបចំឱ្យមានកន្លែងទទួលពាក្យបណ្ដឹងតវ៉ា ឬការមិនសុខចិត្តណាមួយ ចំពោះការពិន័យអន្តរការណ៍ របស់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប.។

រាល់ការទទួលប្រាក់ចំណូលដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ លើការពិន័យអន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ដែលបោះពុម្ព និងបើកផ្ដល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំគម្រោងចំណូលពីការពិន័យអន្តរការណ៍ទាក់ទងនឹងច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ ដោយមានមូលដ្ឋានគ្រោងគិតច្បាស់លាស់ និងគ្រោងចំណូលលម្អិតទៅតាមប្រភេទអំពើល្មើស នីមួយៗ ដើម្បីដាក់បញ្ចូលទៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

ក្រសួងពាណិជ្ជកម្ម ត្រូវទទួលខុសត្រូវប្រាក់កាសចំពោះប្រាក់ពិន័យអន្តរការណ៍ដែលប្រមូលបាន បង់ប្រាក់ ចំណូល និងធ្វើសលាកបតបង់ចំណូលថវិកាជាតិ ព្រមទាំងការចុះកិច្ចបញ្ចិកាគណនេយ្យស្តីពីកិច្ចប្រតិបត្តិការ ចំណូល និងការកត់ត្រាតាមដានប្រាក់ចំណូលនៅក្នុងជំពូក គណនី អនុគណនី នៃមាតិកាចំណូលថវិកា។

ក្រសួងពាណិជ្ជកម្ម ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។

របាយការណ៍ស្តីពីការអនុវត្តចំណូលពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីកិច្ច ការពារអ្នកប្រើប្រាស់ ជាផ្នែកមួយនៃរបាយការណ៍រួមស្តីពីការអនុវត្តចំណូលរបស់ក្រសួងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)
បានចេញសេចក្តីប្រកាស ស្តីពីការកំណត់កាលបរិច្ឆេទអនុវត្តប្រកាសអន្តរក្រសួង លេខ៣៣៨ សហវ.បក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីនីតិវិធី ពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខ នស/រកម/ ១១១៩/០១៦ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” ដែលជាលេខាធិការរបស់គណៈកម្មាធិការ ជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប.” បានរៀបចំប្រកាសអន្តរក្រសួង ស្ដីពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើ ល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជាមួយក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រកាសអន្តរក្រសួងនេះ ត្រូវបានថ្នាក់ដឹកនាំ នៃក្រសួងទាំងបី ចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រួចហើយ។

ដោយទទួលបានការអនុញ្ញាតពី គ.ជ.ក.ប. មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ន ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ នឹងចាប់ផ្តើមអនុវត្តវិធានការ ស្របតាម ខ្លឹមសារដែលមានចែងនៅក្នុងប្រកាសអន្តរក្រសួងលេខ៣៣៨ សហវ.ប្រក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ដីពី នីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន ផលិតករ ពាណិជ្ជករ អាជីវករ មេត្តាស្វែងយល់អំពីខ្លឹមសារនៃប្រកាសអន្តរ ក្រសួងលេខ៣៣៨ សហវ.ប្រក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្តីពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើស នឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីចូលរួមអនុវត្តប្រកាសអន្តរក្រសួងនេះ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

អត្ថបទដែលជាប់ទាក់ទង