សម្តេច ទៀ បាញ់ ចូលរួមកិច្ចប្រជុំ មន្ត្រីការពារជាតិអាស៊ានបូក-លើកទី១៥ ដើម្បីបង្កើនកិច្ចសហការជាមួយគ្នាឲ្យល្អបន្ថែមទៀត បើទោះបីកូវិដ-១៩មិនទាន់ផយនៅឡើយក្ដី
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ដាតូ ប៉ាឌូកា សឺរីហាជី អេវ៉ាង ហាលប៊ី ប៊ីនហាជី យូសូ ទូមីនីច (Pehin_Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yussoftumimich) រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រ៊ុយណេដារូសាឡាំ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ អេ ឌី អិម អិម (15 ADMM) -កិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-បូក លើកទី ៨ (8″ ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ចិន ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (online )។
ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រ៊ុយណេដារូសាឡាម បានសម្ដែងមោទនភាពចំពោះប្រទេសប៊ុ្រយណេ ដែលបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំនាពេលនេះ បើទោះបីជាមានការប្រឈមនៅក្នុងតំបន់ក៏ដោយ ក៏យើងនៅតែបន្តកិច្ចប្រជុំនេះដែរ។ ឯកឧត្តមសង្ឃឹមថា៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ បានជំរុញឲ្យមានការជួបជុំគ្នា បង្កើននូវកិច្ចសហប្រតិបត្តិការបានល្អជាងមុន បើទោះបីជាជំងឺកូវីដ-១៩ បានធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់ការងារទាំងឡាយ ដែលយើងកំពុងធ្វើទាំងអស់គ្នាក៏ដោយ ប៉ុន្តែទោះជាយ៉ាងណានៅក្នុងតំបន់នេះពួកយើងបន្តពង្រឹង ក៏ដូចជាព្យាយាមប្រយុទ្ធ ប្រឆាំងនឹងបញ្ហាទាំងអស់នេះ។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៥ នាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមអនុម័ត ឯកសារទស្សនទានចំនួន ៤ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងសេចក្ដីប្រកាស បេដាសេរីបេហ្គាវ៉ាន់ ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេច សំរាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។

