អង់គ្លេស គាំទ្រចំពោះការបង្កើត ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ និងបន្តផ្តល់ការអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជា
ភ្នំពេញ៖ ចក្រភពអង់គ្លេសតាមរយៈអនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក លោក ម៉ាក ហ្វីល (Mark Field) ជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះនៅទីស្តីការក្រសួង។
លោក ម៉ាក ហ្វីល បានប្រកាសគាំទ្រចំពោះការបង្កើត ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលការបង្កើត ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ នេះ ជាស្មារតីផ្សះផ្សារនៅក្នុងជាតិខ្មែរ។
អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា លោក កេត សោផាន់ បានប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា ក្នុងជំនួបនេះ លោក ម៉ាក ហ្វីល បានថ្លែងថា កម្ពុជាមានប្រវត្តិយ៉ាងជូរចត់តាំងពីសម័យសង្គ្រាមវៀតណាម ការឆ្លងកាត់របបប៉ុលពត និងសង្គ្រាមស៊ីវិលផ្សេងៗ។ ជាមួយនឹងការលើកបង្ហាញពីភាពជូរចត់នេះ អង់គ្លេស ក៏បានប្រកាសគាំទ្រជានិច្ចជួយកម្ពុជា គ្រប់កិច្ចដែលខ្លួនអាចធ្វើបាន ដើម្បីឲ្យកម្ពុជាមានអនាគតភ្លឺស្វាង។ លោកអនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ក៏បានបង្ហាញការគាំទ្រដល់ការបង្កើត ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
លោក កេត សោផាន់ បានដកស្រង់ខ្លឹមសារនៃជំនួបមកបញ្ជាក់យ៉ាងដូច្នេះថា លោក ម៉ាក ហ្វីល ក៏បានគាំទ្រនូវស្មារតីផ្សះផ្សារជាតិនូវអ្វីដែលបង្កើតឡើងដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ ដែលប្រមូលបញ្ចូលគ្រប់គណបក្សទាំងអស់ ដើម្បីផ្លាស់ប្តូរយោបល់គ្នា ហើយលោកសង្ឃឹមថាដំណើរការនេះជាដំណើរការជាវិជ្ជមាន ហើយស្មារតីនៃការបង្រួបបង្រួមជាតិនេះនឹងបន្តទៅមុខទៀត។
ក្នុងឱកាសនោះដែរ អនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក លោក ម៉ាក ហ្វីល (Mark Field) បានអះអាងថា អង់គ្លេសនៅតែបន្តផ្តល់ការអនុគ្រោះពន្ធសម្រាប់ ទំនិញរបស់កម្ពុជា បើទោះបីខ្លួនចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយនោះ។
លោក កេត សោផាន់ បានបញ្ជាក់ថា អង់គ្លេសគាត់បានប្តេជ្ញាចិត្តថា នឹងបន្តផ្តល់ភាពអនុគ្រោះពាណិជ្ជនេះ ក្រោយចេញពីសហគមន៍អឺរ៉ុបក៏ដោយ។ ឆ្លើយតបការបន្តការអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជានេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសផងដែរ៕